ខេត្តតាកែវ ៖ ដោយសារឥទ្ធិពលនៃគ្រឿងញៀន ធ្វើឲ្យបុរសម្នាក់ វង្វេងបែកង៉ាង យកភ្លើងប្រច័ណ្ឌដាក់ខ្លួន រហូតដល់ប្រើប្រាស់ពូថៅ កាប់កប្រពន្ធ បណ្តាលឲ្យស្លាប់ រួចអូសយកទៅដុត ហើយអារកសម្លាប់ខ្លួនឯងជាក្រោយ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅក្នុងភូមិក្របីព្រៃ ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ។

តាមសមត្ថកិច្ចគ្រាន់តែឲ្យដឹងថា បុរសជាប្តីមានឈ្មោះ ញឹង ណុប អាយុ៣២ឆ្នាំ មុខរបរ កសិករ រស់នៅផ្ទះកើតហេតុ មានកូនស្រីចំនួន២នាក់ក្នុងបន្ទុក កូនច្បងអាយុ៤ឆ្នាំ កូនពៅអាយុជាង១ខួប ចំណែកជនរងគ្រោះជាប្រពន្ធ មិនត្រូវបានសមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យស្គាល់អត្តសញ្ញាណឡើយ ទោះជាព្យាយាមទំនាក់ទំនងតាមទូរស័ព្ទ ទៅលោកមេប៉ុស្តិ៍ ក៏មិនអាចទាក់ទងបានដែរ ។

បើតាមប្រភពគ្រាន់តែឲ្យដឹងថា បុរសជាប្តីជាមនុស្សញៀនថ្នាំ ប្រើប្រាស់រហូតដល់បែកង៉ាង យកភ្លើងប្រច័ណ្ឌដាក់ខ្លួន ហើយមុនកើតហេតុ បុរសជាប្តីផឹកស្រាសអស់១លីត្រ ឈានដល់ហ៊ានប្រព្រឹត្តអំពើហឹង្សា ប្រដាប់ដោយពូថៅ កាប់ចំបំពង់កប្រពន្ធចំនួន២ពូថៅ បណ្តាលឲ្យស្លាប់ក្នុងផ្ទះ រួចអូសយកទៅលើផ្ទះចាក់សាំដុតចោល ផ្សែងហុយផ្អើលអ្នកភូមិ សមត្ថកិច្ចស្មានតែភ្លើងឆេះផ្ទះ ហើយបុរសជាប្តីរត់ចុះមកក្រោមវិញ យកពូថៅអារកសម្លាប់ខ្លួនឯងជាក្រោយ ។

ជុំវិញករណីឃាតកម្មខាងលើ បង្កឲ្យភ្ញាក់ផ្អើល បន្សល់ទុកតែកូនស្រីតូចៗនាក់ ធ្លាក់លើបន្ទុកជីដូន ជីតា មើលថែ ។ ហើយនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នេះផងដែរ ដោយមើលឃើញនូវភាពទុក្ខលំបាករបស់គ្រួសារខាងលើ ត្រូវបានកាកបាទក្រហមកម្ពុជា ខេត្តតាកែវ អាជ្ញាធរ ពាំនាំយកសម្ភារៈ ថវិកា ឧបត្ថម្ភដល់គ្រួសារ ជួបទុក្ខលំបាកខាងលើ ៕

Share.