អំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់រដ្ឋាភិបាលចិនជូនដល់អាស៊ានសម្រាប់មីយ៉ាន់ម៉ាចំនួន២លានដូស ត្រូវបានរដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលក៏ជាប្រេសិតពិសេសប្រធានអាស៊ាន នាំយកទៅប្រគល់ជូនដល់រដ្ឋាភិបាលមីយ៉ាន់ម៉ាហើយនាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ។

ក្រសួងការបរទេសបានពិពណ៌នាក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះជំនួយនោះ គឺក្រោមផ្នែកមួយនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន ដែលបានអនុម័តក្នុងកិច្ចប្រជុំប្រមុខដឹកនាំអាស៊ានកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ហើយថាឯកឧត្តម ឯកផាប់ ផាន់ថាវង្ស អគ្គលេខាធិការរងអាស៊ានទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន តំណាងអគ្គលេខាធិការអាស៊ាន ព្រមទាំងឯកអគ្គរដ្ឋទូតប្រចាំមីយ៉ាន់ម៉ា បានចូលរួមក្នុងពិធីប្រគល់អំណោយវ៉ាក់សាំងនោះដែរ។

បើតាមក្រសួងការបរទេស វ៉ាក់សាំងចំនួនពីរលានដូសនឹងត្រូវចាក់ជូនប្រជាជនក្នុងប្រទេសមីយ៉ាន់ម៉ា ជាពិសេសនៅតំបន់ដែលពិបាកទៅដល់ ក្រោមយន្តការ ៥០:៥០ នៃក្របខ័ណ្ឌចាក់វ៉ាក់សាំងរួមគ្នារបស់ក្រសួងសុខាភិបាល និងដៃគូ ដែលត្រូវបានផ្តួចផ្តើមឡើងដោយកម្ពុជា ព្រមទាំងត្រូវបានអនុម័តនៅក្នុងកិច្ចពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានដល់មីយ៉ាន់ម៉ា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅភ្នំពេញ។

សេចក្តីលម្អិតនៃការផ្តល់ និងការគ្រប់គ្រងវ៉ាក់សាំងនេះនឹងត្រូវបានកំណត់នៅពេលក្រោយ ដោយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌និងការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) លេខាធិការដ្ឋាន អាស៊ាន ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា រដ្ឋាភិបាលចិន និងដៃគូពាក់ព័ន្ធ ដោយគ្មានភាពលំអៀង ព្រមជាមួយនឹងគោលបំណងតែមួយគត់គឺ «មិនទុកនរណាម្នាក់នៅមីយ៉ាន់ម៉ាចោលនោះទេ»។

នាឱកាសនោះ ឯកឧត្តម ប្រាក់ សុខុន បានគូសបញ្ជាក់ថា«ជំនួយមនុស្សធម៌មិនគួរត្រូវបានលាបពណ៌អ្វីឡើយ។ ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងដៃគូខាងក្រៅ គួរតែទុកមួយឡែកនូវការខ្វែងគំនិតផ្នែកនយោបាយ ហើយប្រមូលផ្តុំគ្នានៅក្រោមឆ័ត្រមនុស្សធម៌ ដើម្បីកែលម្អស្ថានភាពជាក់ស្តែងបន្តិចម្តងៗ។ មិនថាផ្នែកណាមួយនៃប្រទេសមីយ៉ាន់ម៉ានោះទេ គឺសុទ្ធតែមានសារៈសំខាន់ទាំងអស់ ហើយអ្វីដែលសំខាន់បំផុតជាងគេនោះគឺថា ត្រូវតែបោះជំហានដំបូងទៅមុខ»។

បើតាមក្រសួងការបរទេសដដែល ពិធីប្រគល់ជំនួយជាវ៉ាក់សាំងនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តរួមរបស់អាស៊ានក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ដោយមានការគាំទ្រពីដៃគូសន្ទនា ដូចជាប្រទេសចិន និងដៃគូខាងក្រៅដទៃទៀត ដើម្បីលើកកម្ពស់មជ្ឈភាពរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាដែលជាកង្វល់រួមនៅក្នុងតំបន់៕

Share.