
កាលពីពេលថ្មីៗ សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី ដែលជាប្រជាជាតិអាស៊ាន បានបង្ហាញបញ្ជីឈ្មោះសមាជិកក្នុងក្រុមបាល់ទាត់ជម្រើសជាតិខ្លួន ដោយក្នុងនោះមានកីឡាករបងប្អូនបង្កើត៣នាក់ ត្រូវបានកោះហៅចូលក្រុមក្នុងពេលដំណាលគ្នា។
ប៉ុន្តែនៅយប់ថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី បានជូនដំណឹងថាក្នុងចំណោមបងប្អូនទាំង៣នាក់នោះមានកីឡាករ Irfan Fandi, Ikhsan Fandi និងIlhan Fandមានម្នាក់មិនអាចជួយក្រុមជម្រើសជាតិបាននោះទេ ដោយហេតុផលថារូបគេមានរបួស។ កីឡាកររូបនោះគឺកីឡាករ Ikhsan Fandi។
កីឡាករវ័យ២២ឆ្នាំនោះ ជាខ្សែប្រយុទ្ធ កំពុងប្រកបអាជីពនៅក្លិបបាល់ទាត់Jerv សមាជិកក្នុងពានរង្វាន់លីគលំដាប់ទី២ប្រទេសន័រវែស។ រូបគេបានរងរបួសពេលជួយក្លិបខ្លួនក្នុងប្រកួតមិត្តភាពកម្ដៅសាច់ដុំត្រៀមបើករដូវកាលថ្មីខាងមុខ។
អត្ថបទពាក់ព័ន្ធ៖រឿងកម្រ! បងប្អូនបង្កើត៣នាក់កោះហៅចូលក្រុមជម្រើសជាតិក្នុងពេលតែមួយ
ក្រុមជម្រើសជាតិសិង្ហបុរី បានធ្វើដំណើរទៅដល់ប្រទេសអារ៉ាប់រួម ហើយដើម្បីប្រកួតមិត្តភាពកម្ដៅសាច់ដុំជាមួយក្រុមអាហ្វហ្គានីស្ថាន នៅទីលានកីឡដ្ឋាន JA Sports Centre ក្នុងទីក្រុងឌុយបៃ ហើយបន្តទៅប្រកួតនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលជាទីតាំងប្រកួតជម្រុះពានរង្វាន់ 2022 World Cup ប្រចាំទ្វីបអាស៊ី ដោយត្រូវជួបប៉ាឡេស្ទីន អ៊ូបេគីស្ថាន និងអារ៉ាប៊ីសាអ៊ូឌីត៕
