នៅទីក្រុង​ហូជីមិញ នាប្រទេសវៀតណាម ក្រុមបាល់ទាត់ភ្នំពេញក្រោន ម្ចាស់ជើងលីគកំពូលកម្ពុជា៧សម័យកាល បានយកឈ្នះ Young Elephants របស់ឡាវ ក្នុងលទ្ធផល ៤-២ លើទីលានកីឡដ្ឋាន Thong Nhat ក្នុងជំនួបចុងក្រោយពូល I នៃពានរង្វាន់ AFC Cup 2022។

ក្រោយចប់ការប្រកួតលោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោនបានថ្លែងដូច្នេះថា៖«ខ្ញុំចង់ឧទ្ទិសការឈ្នះនេះទៅកាន់ប្រធានក្លិបរបស់យើងដែលទើបតែទទួលមរណភាពថ្មីៗនេះ។ គាត់មានក្តីស្រមៃក្នុងការឃើញក្រុមរបស់គាត់លេង AFC CUP ប៉ុន្តែគាត់មិនអាចនៅជាមួយយើង។ យ៉ាងណាក៏ដោយក្លិបនិងស្នាដៃរបស់គាត់នឹងនៅតែបន្តសម្រាប់ការអភិវឌ្ឍបាល់ទាត់នៅកម្ពុជា។»

ខណ:ខ្សែប្រយុទ្ធ Fareed Sadat ក៏បានបន្ថែមថា៖«ក្រុមរបស់យើង បានធ្វើអ្វីដែលយើងគួរធ្វើលើទីលាន ក្រុមរបស់យើងប្រឹងប្រែងខ្លាំងដើម្បីឈ្នះការប្រកួតនេះ។ យើងចង់ឈ្នះការប្រកួតទី១ និងទី២ ដូចគ្នា តែយើងដឹងហើយពីគុណភាពរបស់យើង ប្រហែលជារដូវកាលក្រោយយើងមកទីនេះម្តងទៀត។»

គួរដឹងថាក្រុមទាំង៤នៅតំបន់អាស៊ានកក់កៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFC Cup 2022 មានដូចជា៖
– ក្រុមម៉ាឡេស៊ី Kedah Darul Aman (លេខ១ពូល G)
– ក្រុមឥណ្ឌូនេស៊ី PSM Makassar (លេខ១ពូល H)
– ក្រុមវៀតណាម Viettel FC (លេខ១ពូល I)
– ក្រុមម៉ាឡេស៊ី Kuala Lumpur (លេខ២ល្អបំផុត)៕

Share.