លោក Bassam Adeel Jaleel ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​នៃ​ប្រទេស​ម៉ាល់ឌីវ បាន​បង្ហោះ​វីដេអូ​ពី​សកម្មភាព​ហ្វឹកហាត់​របស់​ក្រុម​ជម្រើស​ជាតិ​​របស់​ខ្លួន​ហ្វឹកហាត់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​មួយ​កន្លែង ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​វគ្គ​​ជម្រុះ​ជុំទី២ នៃពូល A ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ប្រចាំ​ទ្វីប​អាស៊ី។

ក្រុម​ម៉ាល់ឌីវ ស្ថិត​នៅ​ក្នុង​ពូល A មាន​ស៊ីរី ចិន ហ្វីលីពីន និង​កោះ​ហ្គាម ខណៈ​វគ្គ​​ជម្រុះ​ដែល​នៅ​សេសសល់​នេះ​នឹង​ប្រកួត​នៅ​ប្រទេស​ចិន ខណៈ​ម៉ាល់ឌីវ ត្រូវ​ប្រកួត​ជាមួយ​ចិន នៅ​ថ្ងៃ​ទី៣ មិថុនា ហើយ​បន្ត​ជួប​ស៊ីរី នៅ​ថ្ងៃ​ទី៧ មិថុនា និង​ចុងក្រោយ​ជួប​ហ្វីលីពីន នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា​ឆ្នាំ​២០២១។

លោក Bassam Adeel Jaleel ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​ប្រទេស​ម៉ាល់ឌីវ បាន​បង្ហោះ​វីដេអូ​និង​សរសេរ​​នៅ​លើ​បណ្ដាញ​សង្គម របស់​លោក​ថា៖«ប្រហែល​ជា​មាន​តែ​ក្រុម​មួយ​ម៉ាល់ឌីវ មួយ​ប៉ុណ្ណោះ​ដែល​ហ្វឹកហាត់​ក្នុង​បន្ទប់ ដើម្បី​ត្រៀម​ជម្រុះ World Cup។ កីឡាករ​និង​ក្រុម​គ្រូ​បង្វឹក​សុទ្ធ​តែ​ត្រៀម​ខ្លួន​រួចរាល់​ក្នុង​ការ​ហ្វឹកហាត់​ ក្នុង​ពេល​ដ៏​លំបាក ដើម្បី​ព្យាយាម​និង​នាំ​ជាតិ​ទៅ​កាន់​ពិភពលោក។ អរគុណ​ដល់​ម្ចាស់​សណ្ឋាគារ ដែល​បាន​អនុញ្ញាត​ដល់​ក្រុម​ហ្វឹកហាត់»។

ក្រុម​ជម្រើស​ជាតិ​ម៉ាល់ឌីវ ក្រោម​ការ​ដឹកនាំ​ពី​សំណាក់​លោក Martin Koopman គ្រូ​បង្វឹក​ជនជាតិ​ហុល្លង់ បាន​កោះហៅ​កីឡាករ​​ស្នាក់​នៅ​ជុំ​គ្នា​តាំង​ពី​ថ្ងៃ​ទី១៣ ខែ​ឧសភា ឆ្នាំ​២០២១ មក​ម៉្លេះ នៅ​សណ្ឋាគារ Hotel Jen Male Maldives។ ប៉ុន្តែ​ដោយ​សារ​ស្ថានភាព​ឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ-១៩ ខ្លាំង​ពេក​ទើប​ត្រឹម​ប្រមូល​ម្តុំ​​ធ្វើ​ចត្តាឡឺស័ក នៅ​ក្នុង​សណ្ឋាគារ​សិន រហូត​ដល់​ថ្ងៃ​​២៤ ខែ​ឧសភា ទើប​អាច​ចេញ​ក្រៅ​ទៅ​ទីលាន​ហ្វឹកហាត់​រួម​គ្នា​បាន។ នៅ​ថ្ងៃ​សុក្រ សប្ដាហ៍​នេះ​ក្រុម​ទាំង​មូល​បាន​ធ្វើតេស្ត​យក​សំណាក​ មុន​ចាក​ចេញ​ទៅ​​ប្រទេស​ចិន នៅ​ថ្ងៃ​ទី៣០ ខែ​ឧសភា ​ស្អែក​នេះ។ ​​

អត្ថបទពាក់ព័ន្ធ៖រដ្ឋមន្ត្រី​កីឡា​កោះ​​ម៉ាល់ឌីវ ឱ្យ​ក្រុម​ឥណ្ឌា មួយ​ ចេញ​​ពី​​ប្រទេស​ខ្លួន​ឱ្យ​បាន​លឿន​​ ក្រោយ​​សមាជិក​​ឆ្លង​កូវីដ-១៩

ចំណែក​បញ្ជី​ឈ្មោះ​កីឡាករ​ចុងក្រោយ​២៣​នាក់​របស់​ម៉ាល់ឌីវ មុន​ចេញ​ដំណើរ​ទៅ​ប្រទេស​ចិន មាន៖
អ្នកចាំទី: Mohamed Faisal (Valencia), Mohamed Shafeeu (Valencia), Ali Najih (United Victory), Hussain Shareef (Maziya)


ខ្សែការពារ: Samooh Ali (Maziya), Akram Abdul Ghanee (Valencia), Ali Shamal Abdulla (United Victory), Ali Shamis (TC Sports), Ahmed Numan (Eagles), Hussain Sifaau (Eagles), Haisham Hassan (Eagles), Mohamed Saaif (Green Streets)

ខ្សែបម្រើ: Imran Nasheed (Eagles), Mohamed Irufan (Maziya), Ali Fasir (Valencia), Mohamed Naim (Eagles), Ibrahim Aisham (Maziya), Mohamed Umair (Maziya), Hussain Nihan (Maziya), Hamza Mohamed (Maziya)


ខ្សែ​ប្រយុទ្ធ: Ali Ashfaq (Valencia), Asadhulla Abdulla (Maziya), Ibrahim Mahudhee (Maziya), Ali Haisham (United Victory), Hassan Nazeem (Green Streets)​​

Telegram-Troryorng
Share.