ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានបំពេញទស្សនកិច្ចការងារលើកទី២ នៅប្រទេសមីយ៉ាន់ម៉ា ក្នុងតួនាទីជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា។ ទស្សនកិច្ចការងារនេះ មានគោលបំណងជំរុញការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ជាពិសេសការពន្លឿនការផ្តល់ជំនួយមនុស្សធម៌ និងកម្មវិធីចាក់វ៉ាក់សាំងរួមគ្នា និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការសន្ទនានយោបាយប្រកបដោយបរិយាបន្ន។

ជាការចាប់ផ្តើមនៃទស្សនកិច្ចនេះ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួមក្នុងពិធីប្រគល់អំណោយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន២លានដូស របស់រដ្ឋាភិបាលចិនជូនដល់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា មុននឹងចូលជួបសម្តែងការគួរសម ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋនៅទីក្រុងណៃពីដោរ។

ដោយមានកិច្ចកិច្ចប្រជុំព្រមព្រៀង៥ចំណុចរបស់ថ្នាក់ដឹកនាំអាស៊ានជាមគ្គទ្ទេសក៏រួម ក្រសួងការបរទេសកម្ពុជាបានប្រកាសឱ្យដឹងថានៅក្នុងជំនួបនោះភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើបច្ចុប្បន្នភាពស្ថានភាព និងបញ្ហាប្រឈម ក្នុងការអនុវត្តឯកសារដ៏សំខាន់នេះ។ ឯកឧត្តមនាយឧត្តមសេនីយ៍ជាន់ខ្ពស់ បានជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីស្ថានភាពសន្តិសុខបច្ចុប្បន្ន ដូចជាអំពើហិង្សា អំពើឃោរឃៅ និងការបំភិតបំភ័យលើប្រជាជនស្លូតត្រង់ និងបាននជូនដំណឹងអំពីការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខសម្រាប់ប្រជាជន និងឆន្ទៈរបស់ ឯកឧត្តម ក្នុងការចូលរួមដោយផ្ទាល់នៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ថ្នាក់ជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជួបជាមួយ ឯកឧត្តម វ៉ុនណា ម៉ោងលីន រដ្ឋមន្ត្រី​​ការ​បរទេស​មីយ៉ាន់ម៉ា ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ពាក់ព័ន្ធ​នឹង​អាស៊ាន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកឡើងវិញនូវសារទំនាក់ទំនងចំនួនពីរធ្វើឡើងនាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងការកាត់ទោសប្រហារជីវិត និងសំណើឱ្យបញ្ជូនលោកស្រី អ៊ោង សានស៊ូជីត្រឡប់ទៅធ្វើការឃុំខ្លួន ក្នុងផ្ទះវិញ។ ប្រេសិតពិសេសបានអំពាវនាវសាជាថ្មីឱ្យបញ្ឈប់អំពើហិង្សា និងសូមគាំទ្រការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព និងមិនលម្អៀងទៅកាន់តំបន់ដែលពិបាកទៅដល់ ព្រមទាំងស្នើឱ្យមានការដោះលែងអ្នកទោស និងរៀបចំឱ្យមានជំនួបជាមួយបុគ្គលមួយចំនួន រួមទាំងលោកស្រី អោង សានស៊ូជី និងលោកស្រី ស៊ូស៊ូល្វីន។

ជាការឆ្លើយបឯកឧត្តមប្រេសិតពិសេស ​បានទទួលការ​​ជម្រាបជូន ពី ឯកឧត្តម វ៉ុនណា ម៉ោងលីន រដ្ឋមន្ត្រី​​ការ​បរទេស​មីយ៉ាន់ម៉ា ថា លោកស្រី ស៊ូស៊ូល្វីន មិន​អាច​ជួប​ប្រេសិត​ពិសេស​បាន​ទេ ដោយ​សារ​តែ​ស្ថានភាព​សុខភាព​ ខណៈដែលករណីរបស់​​លោកស្រី អោង សានស៊ូជី កំពុងស្ថិត​ក្រោម​នីតិវិធី​តុលាការនៅឡើយ។

នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ឯក យ៉ា ព្យេ ប្រធានគណៈ​កម្មាធិការ​សាមគ្គីភាព​ជាតិនិងការបង្កើត​សន្តិភាព (NSPNC)។ កិច្ចប្រជុំបានផ្តោតលើរបៀបវារៈនានា រួមទាំងវិធីសាស្រ្តក្នុងការចូលរួមបន្ថែមទៀតជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច (EAOs) ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ថ្នាក់ជាតិ (NCA) និងតួនាទីរបស់គណៈកម្មាធិការក្នុងប្រតិបត្តិការជំនួយមនុស្សធម៌ និងយុទ្ធនាការចាក់វ៉ាក់សាំងដល់ប្រជាជនមីយ៉ាន់ម៉ា។

ឯកឧត្តមនាយឧត្តមសេនីយ៍ឯក យ៉ា ព្យេ បានសម្តែងនូវឆន្ទៈសហការ និងស្វាគមន៍ចំពោះការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅមីយ៉ាន់ម៉ា ដើម្បីក្លាយជាសមាជិកហត្ថលេខីនៃ NCA ដែលមានស្រាប់។ ប្រេសិតពិសេសបានចែករំលែកនូវបទពិសោធន៍របស់កម្ពុជាក្នុងការអនុវត្តគោលនយោបាយ​ឈ្នះ-ឈ្នះរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ប្រកបដោយជោគជ័យ ដែលបាននាំមកនូវសន្តិភាព ស្ថិរភាព និងឯកភាពនៃកងទ័ពជាតិ។

នៅថ្ងៃចុងក្រោយនៃទស្សនកិច្ចនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជួបជាមួយតំណាងគណបក្សនយោបាយចំនួនប្រាំពីរនៅមីយ៉ាន់ម៉ា ដែលបានឈ្នះអាសនៈក្នុងការបោះឆ្នោតឆ្នាំ២០២០។ គណបក្សនយោបាយទាំងនោះ បានរាយការណ៍សង្ខេបជូនប្រេសិតពិសេសអំពីការវិវត្តនៃស្ថានការណ៍នយោបាយ និងមនុស្សធម៌ក្នុងរដ្ឋ និងតំបន់នីមួយៗ។ ពួកគេទាំងអស់សុទ្ធតែព្រួយបារម្ភយ៉ាងខ្លាំងចំពោះផលប៉ះពាល់នៃអំពើហិង្សាលើជនស៊ីវិល រួមទាំងការដុតបំផ្លាញផ្ទះសម្បែងតាមភូមិ ដោយគ្មានអង្គការចាត់តាំងណាមួយទទួលខុសត្រូវច្បាស់លាស់ឡើយ។

ក្រសួងការបរទេសបានពិពណ៌នាថា បណ្ដាគណបក្សនយោបាយទាំងនោះ ពួកគេក៏មានសេចក្តីប្រាថ្នារួមចង់បានសន្តិភាព និងអហិង្សា ហើយគណបក្សនយោបាយមួយចំនួនបានជម្រាបអង្គប្រជុំអំពីវិធីដែលពួកគេបានជួយដល់ជនភៀសខ្លួនផ្ទៃក្នុង (IDPs) ដែលមកពីតំបន់ផ្សេងទៀតផងដែរ។ គណបក្សទាំងនោះបានអំពាវនាវឱ្យមានការផ្តល់ជំនួយមនុស្សធម៌ឱ្យបានឆាប់ទៅកាន់តំបន់របស់គាត់រៀងៗខ្លួន។

ឯកឧត្តមប្រេសិតពិសេសបានជម្រាបអង្គប្រចាំពីវឌ្ឍនភាពនៃកិច្ចព្រមព្រៀងទាំង៥ចំណុច និងការតាមដានចំពោះកិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌ដល់មីយ៉ាន់ម៉ា ហើយឯកឧត្តមបានសម្តែងការប្តេជ្ញាចិត្តក្នុងការជួយពន្លឿនការផ្តល់ជំនួយមនុស្សធម៌ និងបង្កើតបរិយាកាសអំណោយផលដល់ការចាប់ផ្ដើមកិច្ចសន្ទនានយោបាយ។

មុននឹងបញ្ចប់បេសកកម្ម ប្រេសិតពិសេសបានពិភាក្សាប្រកបដោយផ្លែផ្កាជាមួយ ឯកឧត្តម Christian Lechervy ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង; ឯកឧត្តម Thomas L. Vajda ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក; ឯកឧត្តម Ranieri Sabatucci ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប; និងលោកស្រី Angela Corcoran ភារធារីនៃស្ថានទូតអូស្ត្រាលី។ កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពនៃ 5PC និងការវាយតម្លៃលើស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គមក្នុងប្រទេសមីយ៉ាន់ម៉ា ហើយបានកោតសរសើរចំពោះតួនាទីរបស់កម្ពុជាក្នុងផ្នែកមនុស្សធម៌ ជាពិសេសសារទំនាក់ទំនងចំនួនពីរនាពេលថ្មីៗ ពាក់ព័ន្ធនឹងការកាត់ទោសប្រហារជីវិត និងសំណើ​ផ្ទេរ​លោកស្រី អោង សានស៊ូជី ឱ្យត្រឡប់​ទៅ​ឃុំនៅ​ក្នុងផ្ទះវិញ៕

Share.