រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា និងជាប្រេសិតពិសេសប្រធានអាស៊ាន នឹងមានជំនួបជាមួយបណ្ដាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត អង្គការអន្តរជាតិប្រចាំនៅកម្ពុជា និងក្រុមអ្នកសារព័ត៌មានជាតិ អន្តរជាតិ ដើម្បីជម្រាបជូនអំពីលទ្ធផលនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា។

បើតាមប្រភពពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំនួបនេះនឹងធ្វើឡើងនៅម៉ោងប្រមាណ៣ និង៣០នាទីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២នេះ។ ជាការកត់ក្រសួងការបរទេស បានអនុញ្ញាតឱ្យក្រុមអ្នកយកព័ត៌មានផ្សាយផ្ទាល់អំពីជំនួបដ៏មានសារៈសំខាន់នេះទៀតផង។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងជាប្រេសិតពិសេសប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា បានអញ្ជើញបំពេញទស្សនកិច្ចប្រទេសមីយ៉ាន់ម៉ាស្ទើរតែពេញមួយសប្ដាហ៍ក្នុងដើម្បីធ្វើឱ្យមានវឌ្ឍនភាពកិច្ចព្រមព្រៀងអាស៊ានទាំង៥ចំណុចពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ា។

ក្នុងដំណើរទស្សនកិច្ចនោះ ឯកឧត្តមបានជួបជាមួយប្រមុខរដ្ឋាភិបាល និងមន្រ្តីជាន់ខ្ពស់នៃរបបយោធាមីយ៉ាន់ម៉ា ជួបជាមួយបណ្ដាឥស្សរជនធ្វើការងារពាក់ព័ន្ធនឹងសន្តិភាព និងការបង្រួបបង្រួមជាតិមីយ៉ាន់ម៉ា ជួបជាមួយបណ្ដាភាគីក្រុមប្រដាប់អាវុធជនជាតិភាគតិច និងជួបជាមួយបណ្ដាអង្គទូតមួយចំនួនប្រចាំនៅមីយ៉ាន់ម៉ា។

ក្រៅពីនេះ ឯកឧត្តមប្រសិតពិសេសប្រធានអាស៊ាន រួមទាំងសហការីអាស៊ាន បានប្រគល់ជូនជំនួយវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិនចំនួន២លានដូសសម្រាប់អាស៊ានផ្ដល់ជូនមីយ៉ាន់ម៉ា និងបានចុះទៅកាន់ទីតាំងសំខាន់ៗមួយចំនួននៅក្នុងប្រទេសដ៏កំសត់មួយនេះផងដែរ។

តារមយៈទំព័រហ្វេសប៊ុក ឯកឧត្តម បានពិពណ៌នាថា«ដំណើរទស្សនកិច្ចការងារលើកទីពីរក្នុងនាមជាប្រេសិតពិសេសរបស់ខ្ញុំនៅមីយ៉ាន់ម៉ាទើបតែបានបញ្ចប់។ លើកនេះ ខ្ញុំបានស្ទាប់ស្ទង់សភាពការណ៍ក្នុងស្រុកបានកាន់តែច្រើន ដោយផ្អែកលើការផ្លាស់ប្តូរយោបល់ជាមួយតួអង្គផ្សេងៗស្តីពីវឌ្ឍនភាព និងឧបសគ្គនានាជុំវិញការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច»។

ឯកឧត្តមបន្តថា«ក្នុងរយៈពេលបួនថ្ងៃនេះ យើងបានផ្តោតសំខាន់លើការផ្តល់ជំនួយមនុស្សធម៌ និងកិច្ចខិតខំគាំទ្រមីយ៉ាន់ម៉ាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ កត្តាទាំងនេះនឹងចូលរួមចំណែកដល់ការសម្រេចបាននូវគោលបំណងស្នូលនៃ កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីជំនួយមនុស្សធម៌អាស៊ានជូនមីយ៉ាន់ម៉ា» នៅភ្នំពេញ កាលពីដើមខែឧសភានេះ។

ក្នុងជំនួបនោះឯកឧត្តមក៏បានជំរុញភាគីពាក់ព័ន្ធទាំងអស់ ឱ្យមានការយោគយល់គ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ និងធ្វើការចរចារសម្របសម្រួលបន្ថែមទៀត ដោយសារនេះគឺជាមាគ៌ាជាក់ស្តែងបំផុតដើម្បីវិលទៅរកភាពប្រក្រតី ព្រមទាំងស្វែងរកនូវសន្តិភាព និងស្ថិរភាពយូរអង្វែង។

សូមបញ្ជាក់ថាប្រមុខការទូតកម្ពុជា ក៏ធ្លាប់បានជាមួយបណ្ដាអង្គទូត អង្គការអន្តរជាតិប្រចាំកម្ពុជា និងក្រុមអ្នកសារព័ត៌មានជាតិ អន្តរជាតិនានាប្រចាំនៅកម្ពុជា ម្ដងរួចមកហើយ ក្រោយដំណើរទស្សនកិច្ចលើកទី១ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងនាមប្រេសិតពិសេសប្រធានអាស៊ាន៕

Share.