គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប បានរៀបចំសន្និបាតរយៈពេល២ថ្ងៃ នៅខេត្តព្រះសីហនុ ដើម្បីបូកសរុបលទ្ធផលនៃដំណើរការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នាពេលថ្មីៗនេះ និងដកស្រង់បទពិសោធសម្រាប់ដំណើរឈានទៅរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ សន្និបាតនេះត្រូវបានអញ្ជើញបិទដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២នេះ។

ឯកឧត្តម ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថាបើទោះបីជាដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានឆ្លងកាត់ការលំបាកមួយចំនួន ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គ្រោះធម្មជាតិភ្លៀង ជំនន់ និងខ្យល់កន្ត្រាក់នៅតំបន់ខ្លះ និងប្រឈមបញ្ហាបច្ចេកទេសមួយចំនួន ប៉ុន្តែការបោះឆ្នោតនេះបានព្រឹត្តទៅដោយរលូន តាមច្បាប់ បទបញ្ជា នីតិវិធីនៃការបោះឆ្នោត និងប្រតិទិនកំណត់ ក្នុងបរិយកាសប្រកបដោយសន្តិសុខ សុវត្ថិភាព មានសណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងការគំរាមកំហែង។

ឯកឧត្តមបន្តថាក្រោយការបោះឆ្នោតនេះ គណបក្សឈរឈ្មោះបោះឆ្នោត និងអង្គការសង្កេតការណ៍ជាតិភាគច្រើន បានចេញសេចក្ដីថ្លែងការណ៍គាំទ្រនិងកោតសរសើរការបោះឆ្នោត ខណៈអង្គការសង្កេតការណ៍អន្តរជាតិភាគច្រើនក៏បានចេញសេចក្ដីថ្លែងការណ៍វាយតម្លៃខ្ពស់ចំពោះដំណើរការបោះឆ្នោតនេះ និងបានលើកឡើងជាអាទិ៍ថាការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយជោគជ័យ ដោយសេរី យុត្តិធម៌ ស្មើភាព សន្តិភាព តម្លាភាព និងស្តង់ដាអន្តរជាតិ តាមគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គួរឱ្យកត់សម្គាល់។

ឯកឧត្តមអគ្គលេខាធិការបានឱ្យដឹងថាក្នុងសន្និបាតរយៈពេល២ថ្ងៃមកនេះ គ.ជ.ប មានគោលបំណងត្រួតពិនិត្យការងារ ផ្លាស់ប្ដូរយោបល់ ចែករំលែកបទពិសោធល្អៗ វាយតម្លៃចំណុចខ្លាំង ចំណុចខ្សោយ ការខ្វះខាតដើម្បីបង្កើនការយល់ដឹង ពង្រឹងកិច្ចសហការ និងការអនុវត្តសំដៅកែលម្អរការរៀបចំការបោះឆ្នោតខាងមុខឱ្យកាន់តែល្អប្រសើរថែមទៀត ខណៈសន្និបាតបានប្រព្រឹត្តទៅដោយមានអ្នកចូលរួមប្រមាណ៦០០នាក់។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគណៈកម្មការជាតិរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ អាជ្ញាធរកងកម្លាំងមានសមត្ថ គណបក្សនយោបាយនានា អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អ្នកពាក់ព័ន្ធនានា ព្រមទាំងប្រជាពលរដ្ឋដែលបានចូលរួមធ្វើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះទទួលបាននូវលទ្ធផលដ៏ល្អប្រសើរ។

បើតាមសម្ដេចក្រឡាហោម មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ឳិបានវាយតម្លៃជាទូទៅថាជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ប្រព្រឹត្តទៅប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមគោលការណ៍នៃប្រជាធិបតេយ្យ។ ចំណែកអ្នកបោះឆ្នោតវិញ ក៏កាន់តែមានការយល់ដឹងអំពីដំណើរការបោះឆ្នោត ខណៈរាជរដ្ឋាភិបាលកម្ពុជាមានការទទួលខុសត្រូវខ្ពស់ក្នុងការលើកកម្ពស់ដំណើរការប្រជាធិបតេយ្យសេរីពហុបក្ស និងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌នៅកម្ពុជា៕

Share.