លោកឆាំង សុង អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មានសម័យសាធារណរដ្ឋខ្មែរ នៅមិនទាន់ស្លាប់នោះទេ ផ្ទុយទៅវិញស្ថានភាពជំងឺ លោកឆាំង សុង បានធូរស្បើយច្រើនហើយ។ នេះបើតាមការបញ្ជាក់ពីលោកស្រី ស៊ុំ សារុន ភរិយាលោកព្រឹទ្ធាចារ្យឆាំង សុង បានប្រាប់ក្រុមព្រះសុរិយា កាលពីថ្ងៃទី២៧ ខែឧសភា ២០២១ កន្លងទៅថ្មីៗនេះ។ 

លោក យាង វណ្ឌី ប្រធានក្រុមព្រះសុរិយា បានប្រាប់អង្គភាពសារព័ត៌មាន ត្រយង ញូវស៍ ថា លោកឆាំង សុង ស្ថានភាពសុខភាពបានប្រសើរឡើងវិញហើយ ហើយត្រៀមចេញពីបន្ទប់សង្គ្រោះបន្ទាន់ មកសម្រាកព្យាបាល នៅបន្ទប់ធម្មតាវិញ។

តាមរយៈភរិយា លោកឆាំង សុង ប្រាប់លោកយាង វណ្ឌីថា ស្ថានភាពជំងឺស្វាមីរបស់គាត់បានធូរស្បើយហើយ ប៉ុន្ដែស្ថានភាពជំងឺលោកនៅតែបន្តព្យាបាលដដែរ​ ខណះដែលក្រុមគ្រូពេទ្យកំពុងខ្នះខ្នែងជួយព្យាបាលលោក។ «នៅពេលនេះ លោកឆាំង សុង​ អាចដកដង្ហេីមដោយខ្លួនឯងបានវិញហេីយ​ តែមិនទាន់ដឹងខ្លួននៅឡេីយទេ»។ 

លោកស្រីបានបន្ថែមទៀតថា​ ស្វាមីរបស់លោកស្រីនៅមានសង្ឃឹមច្រេីន​ ហេីយសូមបងប្អូនទាំងអស់រួមគ្នាបួងសួងឱ្យគាត់ឆាប់ជាសះស្បេីយឡើងវិញផង។ 

កន្លងទៅនេះ មានការបង្ហោះជាហូរហែ ក្នុងបណ្តេញសង្គមហ្វេសបុក​ និងសារព័ត៌មានមួយចំនួនថា​ លោកព្រឹទ្ធាចារ្យ​ ឆាំង​ សុង​ អតីតរដ្ឋមន្រ្តីក្រសួងព័ត៍មាន នៃសម័យសាធារណរដ្ឋខ្មែរ​ បានទទួលមរណភាពនាព្រឹកថ្ងៃទី១៩​ ខែឧសភា​ ឆ្នាំ២០២១​ តែព័ត័មាននេះពុំត្រឹមត្រូវនោះទេ៕ 

Share.