រដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម លោកង្វៀន ថាញ់ឡុង បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសនេះបានរកឃើញមេរោគកូវីដ១៩បម្លែងថ្មីមួយប្រភេទ ដែលមានលាយបញ្ចូលគ្នារវាងមេរោគឥណ្ឌា និងចក្រភពអង់គ្លេស ដែលរីករាលដាលយ៉ាងឆាប់រហ័ស តាមរយៈខ្យល់។

កាលពីកន្លងទៅ វៀតណាមត្រូវបានគេចាត់ទុកថា ជាប្រទេសដែលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បានជោគជ័យ ប៉ុន្ដែមេរោគបម្លែងថ្មី បាននឹងកំពុងផ្ទុះជំងឺកូវីដ១៩ជាថ្មី ហើយមានការឆ្លងរីករាលដាល យ៉ាងឆាប់រហ័ស។

មនុស្សជិត ៣,៦០០ នាក់ បានឆ្លងរោគនៅក្នុងទីក្រុងចំនួន៣១ ក្នុងចំណោមខេត្ត និងក្រុងចំនួន ៦៣ របស់ខ្លួន ចាប់តាំងពីចុងខែមេសា ដែលស្មើនឹងជាងពាក់កណ្តាល នៃការឆ្លងសរុបរបស់ប្រទេស។

លោក ង្វៀន ថាញ់ឡុង បាននិយាយថា «បន្ទាប់ពីត្រួតពិនិត្យលើអ្នកជំងឺ ត្រូវបានរកឃើញមេរោគបម្លែងថ្មីមួយ  មានការលាយបញ្ចូលគ្នារវាងឥណ្ឌា និងអង់គ្លេស»។

យោងតាមសារព័ត៌មាន Vietnam Express  បានដកស្រង់សម្តីលោកឡុង ដោយនិយាយថា ប្រទេសវៀតណាមនឹងប្រកាសពីបម្រែបម្រួលថ្មី ដែលត្រូវបានរកឃើញ ទៅកាន់លើពិភពលោកនាពេលឆាប់ៗនេះ។

ប្រទេសវៀតណាមធ្លាប់បានរាយការណ៍ ពីវីរុសបម្លែងថ្មី ៧ប្រភេទគឺ៖ B.1.222, B.1.619, D614G, B.1.1.7 (វ៉ារ្យ៉ង់ចក្រភពអង់គ្លេស), B.3.351, A.23.1 និង B.1.617.2 (វ៉ារ្យ៉ង់ឥណ្ឌា)។

លោកឡុង បាននិយាយទៀតថា មេរោគបម្លែងខ្លួននេះមានការចម្លងយ៉ាងលឿន ដែលករណីថ្មីជាច្រើនបានលេចឡើងនៅទីតាំងផ្សេងៗគ្នាក្នុងរយៈពេលខ្លី។

ប្រទេសវៀតណាម មានឆ្លងសរុបចំនួន ៦,៣៩៦នាក់ និងអ្នកស្លាប់សរុបចំនួន ៤៧នាក់ នៅទូទាំងប្រទេស៕

Telegram-Troryorng
https://t.me/troryorngmedia

ប្រភព៖ reuters.com

Share.