ក្រោយចប់ការប្រកួតនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ក្នុងពានរង្វាន់ការប្រកួត AFF U19 BOYS CHAMPIONSHIP នៅប្រទេសឥណ្ឌូនេស៊ី រវាងក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ជាមួយក្រុមជម្រើសជាតិឡាវអាយុក្រោម១៩ឆ្នាំ មន្រ្តីដឹកនាំក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំរបស់កម្ពុជា បានរៀបចំលិខិត និងឯកសារដែលពាក់ព័ន្ធធ្វើការតវ៉ាទៅកាន់គណៈកម្មការរៀបចំការប្រកួតក្នុងករណីដែលអាជ្ញាកណ្ដាលបានកាត់សេចក្ដីមិនផ្តល់គ្រាប់បាល់ឱ្យក្រុមកម្ពុជានៅនាទី៧៦។

ក្រោយពិនិត្យមើលលើការតវ៉ានេះ គណៈកម្មការការប្រកួតបានចេញលិខិតឆ្លើយតប និងសម្ដែងការសោកស្ដាយចំពោះគ្រាប់បាល់ដែលមិនត្រូវបានផ្តល់ជូនឱ្យទៅក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ ដែលធ្វើឱ្យមានការខកចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់កម្ពុជា។

សហព័ន្ធបាល់ទាត់អាស៊ីអាគ្នេយ៍ បានសូមធ្វើការអរគុណចំពោះសហព័ន្ធកីឡាបាល់ទាត់កម្ពុជាក្នុងការសរសេរលិខិតតវ៉ាក្នុងករណីនេះ ដើម្បីជួយឱ្យគណៈកម្មការការប្រកួតធ្វើការកែលំអ និងពង្រឹងបន្ថែមសម្រាប់ការរៀបចំការប្រកួតផ្សេងៗទៀត។សូមបញ្ជាក់ថា៖ យោងតាមច្បាប់ទី៥ (អាជ្ញាកណ្តាល) ចំណុចទី២ (ការសម្រេចចិត្តរបស់អាជ្ញាកណ្តាល) នៅក្នុងច្បាប់នៃការប្រកួតកីឡាបាល់ទាត់ (Laws of the Game) បានចែងថាការសម្រេចចិត្តរបស់អាជ្ញាកណ្ដាលគឺជាការសម្រេចចុងក្រោយដោយមិនអាចផ្លាស់ប្តូរបន្ទាប់ពីចប់ការប្រកួតបានទេ៕

Share.