បន្ទាប់​ពី​សំរាក​ព្យាបាល​មួយ​រយៈ​នៅ​ក្នុង​មន្ទីរពេទ្យ​ពេល​នេះ​លោក​ វណ្ណា​ ស័ក្តិ ​និង​អ្នក​ម្ដាយ​គឺ​លោកយាយ​ ​ណយ សំណាង​ ​តារា​កំប្លែង​ជើង​ចាស់​បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​-១៩​ហើយ​នេះ​បើ​យោង​តាម​ការ​ផុស​ពី​ហ្វេសប៊ុក​របស់​លោក​ ​វណ្ណា​​​ ស័ក្តិ។​​

នៅ​មុន​នេះ​បន្តិច​ហ្វេសប៊ុក​លោក​វណ្ណា ស័ក្តិ​ បាន​ផុស​ថា​ពេល​នេះ​លោក​និង​អ្នកម្ដាយ​បាន​ជា​ពី​ជំងឺ​កូវីដ​-១៩ ហើយ​បាន​ត្រលប់​ទៅ​ផ្ទះ​របស់​លោក​វិញ​បាន​ហើយ​ ព្រម​ទាំង​ថ្លែង​អំណរគុណ​​ដល់​បងប្អូន​ពុកម៉ែ​បងប្អូន​ដែល​បាន​ជូនពរ​ដល់​លោក​និង​អ្នក​ម្ដាយ​។ មួយ​វិញ​ទៀត​លោក​ក៏​ថ្លែង​អំណរ​គុណ​ចំពោះ​ថ្នាក់​ដឹកនាំ​មន្ទីពេទ្យ​ «មិត្តភាព​ខ្មែរសូវៀត​»​ និង​ ក្រុម​លោកគ្រូ​អ្នកគ្រូ​ពេទ្យ​ប្រចាំ​នៅ​មន្ទីរពេទ្យ​ «មិត្តភាព​ខ្មែរ​សូវៀត​»​​។

«​បាទ​ថ្ងៃនេះ​ខ្ញុំ​សែន​សប្បាយ​ចិត្ត​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ​តើ​បងប្អូន​​ដឹង​ថា​ខ្ញុំ​សប្បាយ​ចិត្ត​រឿង​អី​អត់​បាទ​?​ដោយសារ​តែ​ថ្ងៃនេះ​ខ្ញុំ​បាទ​និង​ម៉ាក់​ជា​ទី​ស្រលាញ់​របស់​ខ្ញុំ​បាន​ជា​សះស្បើយ​ ហើយ​ត្រឡប់​ទៅ​ផ្ទះ​ដ៏​សែន​កក់ក្តៅ​របស់​ខ្ញុំ​វិញ​បាន​ហើយ​បាទ​ហើយ​ខ្ញុំ​និង​ម៉ាក់​របស់​ខ្ញុំ​ពិត​ជា​អរគុណ​ដល់​បងប្អូន​ពូមីង​ពុកម៉ែ​តាយាយ​ដែល​តែងតែ​ជូនពរ​អោយ​ខ្ញុំ​និង​ម៉ាក់​របស់​ខ្ញុំ​ឆាប់​ជា​សះស្បើយ​ ហើយ​ឆាប់​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​​អរគុណ​ខ្លាំង​ណាស់​ហើយ​ខ្ញុំ​បាទ​ក៏​សូម​អរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​ពុក​ជា​ប្រមុខ​ថ្នាក់​ដឹក​នាំ​កំពូល​ ដែល​លោក​តែងតែ​គិតគូរ​ដល់​ប្រជាជន​ទូទាំង​ប្រទេស​យ៉ាង​មមាញឹក​និង​យក​ចិត្ត​ទុក​ដាក់​បំផុត​… រួម​ទាំង​បងប្អូន​ពូ​មីង​ពុកម៉ែ​ ដែល​កំពុង​តែ​សម្រាក​ព្យាបាល​ជម្ងឺ​កូវីដ-១៩ ​នៅ​គ្រប់​មន្ទីរពេទ្យ​តូច​ធំ​នៅ​ក្រុង​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត​ផង​ ហើយ​ក៏​ដូច​ជា​សូម​អរគុណ​ដល់​ថ្នាក់​ដឹកនាំ​មន្ទីពេទ្យ​ «មិត្តភាព​ខ្មែរ​សូវៀត» និង​ក្រុម​លោក​គ្រូ​អ្នកគ្រូ​ពេទ្យ​ប្រចាំ​នៅ​មន្ទីរពេទ្យ​«មិត្តភាព​ខ្មែរ​សូវៀត​» ដែល​ពួក​គាត់​តែងតែ​យក​ចិត្ត​ទុកដាក់​មើល​ថែ​ព្យាបាល​អ្នក​ជំងឺយ៉ាង​ញាប់​ដៃ​ញាប់​ជើង​មិន​គិត​ពី​ការ​ហត់​នឿយ​ឡើយ​ រួម​ទាំង​ម្តាយ​របស់​ខ្ញុំ​ហើយ​និង​រូប​ខ្ញុំ​បាន​យ៉ាង​ល្អ​ណាស់​ជា​ចុង​ក្រោយ​នេះ​ខ្ញុំ​សូម​លើក​ម្រាម​ដប់​​ថ្លែង​អំណរអរគុណ​និង​ជូនពរ​ដល់​ប្រមុខ​ថ្នាក់​ដឹកនាំ​ទាំងអស់​ និង​លោក​គ្រូ​អ្នកគ្រូ​ពេទ្យ​ទាំងអស់​ ជួប​តែ​សេចក្តី​សុខ​ចម្រើន​ ​រក​ទទួលទាន​មាន​បាន​ សូម​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​ ​និង​ប្រាថ្នា​អ្វី​ៗ​សូម​អោយ​បាន​សម្រេច​ដូច​បំណង​ប្រាថ្នា​ផង​ចុះ​​បើ​ខ្ញុំ​បាទ​ ​វណ្ណា ​ស័ក្តិ​ សរសេរ​ទៅ​មាន​ពាក្យពេចន៍​លើសលស់​ខុស​ឆ្គង​ត្រង់​ណា​មិន​សមរម្យ​ ​សូម​មេត្តា​អធ្យាស្រ័យ​ អភ័យទោស​»។

បន្ទាប់​ពី​លោក​បាន​ផុស​សំណេររីករាយ​ ដែល​លោក​និង​អ្នក​ម្ដាយ​បាន​ជា​ពី​ជំងឺ​កូវីដ​-១៩ ​ហើយ​បាន​វិល​ត្រលប់​ទៅ​ផ្ទះ​វិញ​នោះ​​ក៏​មាន​ហ្វេន​ៗ​ និង​មិត្ត​ភក្តិ​ជា​ច្រើន​បាន​ចូល​មក​អបអរសាទរ​ចំពោះ​ដំណឹង​ដ៏រីករាយ​នេះ​៕​

Telegram-Troryorng
Share.