ភ្នំពេញ ៖ ជនសង្ស័យចំនួន៦នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌសែនសុខ ស្រាវជ្រាវនិងចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ក្រោយពីធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ ប្រជាពលរដ្ឋ នៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង០៦នាក់ ទី១-ឈ្មោះ ហេង បូណាក់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរដឹកឥវ៉ាន់អនឡាញ ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ទី២-ឈ្មោះ ទឹម ដាវីន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិព្រៃទា១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ទី៣-ឈ្មោះ ឃុន ហេង ប៊ុនធឿន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ បុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ទី-៤ឈ្មោះ កេង សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។ ទី៥-ឈ្មោះ សាំង គីមងី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងមាស ស្នាក់នៅភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ ទី៦-ឈ្មោះ ម៊ី រដ្ឋា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ប៉ប្រ៉កខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។ សមត្ថកិច្ចដកហូតបានម៉ូតូ៤គ្រឿង និងដាវមួយដើម ។

តាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ជនសង្ស័យមានគ្នា៨នាក់ ជិះម៉ូតូ៤គ្រឿង ទៅធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IJ-1047 ពីបុរសម្នាក់ នៅតាមផ្លូវបេតុង ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ហើយរត់គេចខ្លួន លុះដល់រសៀលថ្ងៃដដែល កម្លាំងអាវុធហត្ថស្រាវជ្រាវចាប់ខ្លួនបាន៤នាក់ នៅចំណុចភូមិដីថ្មី សង្កាត់គោកឃ្លាង រួចបន្តទៅតាមចាប់ខ្លួនបាន២នាក់ទៀតនៅចំណុចផ្សារអុីអន២ ។

ក្រោយពីចាប់ខ្លួនបានជនសង្ស័យ៦នាក់ ម៉ូតូ៤គ្រឿង ដាវ១ដើម រួចមក សមត្ថកិច្ចនាំទៅសាកសួរនៅការិយាល័យជំនាញ អាវុធហត្ថក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

Share.