នៅក្នុង​ពិភព​សិល្បៈ​កូរ៉េ​​ ពិសេស​ក្នុង​ឧស្សាហកម្ម​តន្ត្រី​ក្នុង​ប្រទេស​កូរ៉េ​ មាន​ផលិតកម្ម​ខ្លះ​ដូច​ជា​ JYP គឺ​មាន​ច្បាប់​មួយ​ហាម​តារា​ចម្រៀង​មាន​ស្នេហា​ឬ​មាន​ទំនាក់ទំនង​បែប​មនោសញ្ចេតនា​ជ្រាលជ្រៅ​ដូច​ជា​ «​ហាម​មាន​ស្នេហា​រហូត​ប្រឡូក​ក្នុង​សិល្បៈ​បាន​៣ឆ្នាំ​សិន​» ​ជាមួយ​ភេទ​ផ្ទុយ​គ្នា​ ដូច្នេះ​ដើម្បី​គេច​ផុត​ពី​ការ​តាម​ទាន់​តារា​ទាំង​អស់​ត្រូវ​តែ​មាន​ល្បិច​និង​យុទ្ធសាស្ត្រ​រៀងៗ​ខ្លួន​។ យោង​តាម​សារព័ត៌មាន​​ SCMP ​ខាង​ក្រោម​នេះ​ជា​​គន្លឹះ​ដែល​ Idol កូរ៉េ​ចែក​រំលែក​យុទ្ធសាស្ត្រ​ Date គ្នា​បែប​សម្ងាត់៖

១./ ប្រើប្រាស់​មេ​អណ្ដើត​

តារា​ចម្រៀង​ K-pop ភាគ​ច្រើន​ជុំវិញ​ខ្លួន​របស់​ពួក​គេ​ហ៊ុំ​ព័ទ្ធ​ដោយ​កាំមេរ៉ា​ ដូច្នេះ​មិនមែន​ជា​ការ​ងាយ​ស្រួល​ឡើយ​ដែល​តារា​ចម្រៀង​កូរ៉េ​អាច​បាន​ស្គាល់​គ្នា​ទៅ​វិញ​ទៅមក​ក្រៅ​រង្វង់​ដែល​រុំ​ព័ទ្ធ​ដ៏​ក្រាស់​។ ក្នុង​ករណី​បែបនេះ​តារា​ចម្រៀង​ក្រុម​ Girl’s Day Hyeri បាន​ផ្ដល់​គន្លឹះ​ពិសេស​មួយ​។​ ក្នុង​កម្មវិធី​ Talk Show Life Bar ដែល​ Hyeri ជា​តារាកិត្តិយស​បញ្ចាំង​អំឡុង​ឆ្នាំ​២០១៧ Hyeri បាន​និយាយ​ថា​វិធី​សាស្ត្រ​តែ​មួយ​គត់​គឺ​ទៅ​រក​អ្នក​ផាត់​មុខ​និង​ធ្វើ​សក់​ដែល​ស្គាល់​តារា​ច្បាស់​។​

Girl’s Day Hyeri

២./ ផ្ញើសារ​រក​គ្នា​ជា​សម្ងាត់

ក្រៅ​ពី​មិន​សុំ​លេខ​ទូរស័ព្ទ​ តែ​តារា​ខ្លះ​បាន​ប្រើប្រាស់​យុទ្ធសាស្ត្រ​ទុក​លេខ​ទំនាក់ទំនង​របស់​ខ្លួន​ឱ្យ​ទៅ​ភាគី​ម្ខាង​ទៀត​ដែល​ខ្លួន​ចាប់​អារម្មណ៍​។ នៅ​ក្នុង​ឧស្សាហ៍​កម្ម​ K-pop ជា​ប្រពៃណី​សម្រាប់​ Idol ដែល​ជា​សិស្ស​ប្អូន​ត្រូវ​ទៅ​សួរ​សុខទុក្ខ​សិស្ស​ច្បង​​នៅ​ក្នុង​បន្ទប់​ផ្លាស់​សំលៀកបំពាក់​ ដើម្បី​ជំរាបសួរ​និង​ណែនាំ​ពី​អាល់ប៊ុម​ចម្រៀង​ថ្មី​របស់​ខ្លួន​។​ កាល​ពី​ឆ្នាំ​២០១៩​ក្នុង​កម្មវិធី​ Hun Man Jung Eum តារា​ចម្រៀង​ Yoo Ji Ae ទទួល​ស្គាល់​ថា​សមាជិក​ម្នាក់​ក្នុង​ក្រុម​ Lovelyz ទទួល​បាន​ CD ដែល​មាន​ចុះ​ហត្ថលេខា​ពី​ក្រុម​ចម្រៀង​ផ្សេង​ក្នុង​នាម​ជា​អ្នក​គាំទ្រ​ ប៉ុន្តែ​នៅ​ក្នុង​សំបក​នោះ​មាន​សរសេរ​លេខ​ទំនាក់ទំនង​របស់​គេ​ក្នុង​នោះ​។

Lovelyz’s Yoo Ji Ae

៣./ ណាត់​គ្នា​បែប​ចំហ​នៅ​ទីសាធារណៈ

យុទ្ធសាស្ត្រ​ពិសេស​មួយ​ដែល​ Idol ប្រើ​ដើម្បី​គេច​ពី​ការ​ចាប់​អារម្មណ៍​គឺ​ទៅ​កន្លែង​សាធារណៈ​ដែល​មាន​មនុស្ស​ច្រើន​។ កាល​ពីឆ្នាំ​២០១៨​ ក្នុង​កម្មវិធី​ Radiostar សមាជិក​ក្រុម​ចម្រៀង​ Rainbow ដែល​មាន​តួនាទី​ជា​ប្រធាន​ក្រុម​ Kim Jae Kyung ទទួល​ស្គាល់​ថា​វិធីសាស្ត្រ​គេច​ពី​ការ​អារម្មណ៍​ថា​ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​គឺ​ទៅ​រាជវាំង​ស្លៀក​ហាន់បុក​ហើយ​នាំ​គ្នា​ដើរលេង​និង​ទស្សនា​នៅ​ទីនោះ​។​ ដោយ​សារ​ទីនោះ​ជា​ទីតាំង​ទាក់ទាញ​ទេសចរណ៍​ គ្រប់គ្នា​ស្លៀក​ហាន់បុក​ដូចៗ​គ្នា​ដូច្នេះ​ស្ទើរតែ​គ្មាន​អ្នក​ចំណាំ​នាង​បាន​នោះ​ទេ ជា​ពិសេស​អ្នក​ទេសចរណ៍​រវល់​មើល​ទេសភាព​ មិនមែន​ចាប់​អារម្មណ៍​មើល​មនុស្ស​នោះ​ទេ​។ មួយ​វិញ​ទៀត​តារា​ចម្រៀង​រូប​នេះ​ថែម​ទាំង​ផ្ដល់​ដំបូន្មាន​ដល់​ប្អូន​ប្រុស​ដែល​ជា​តារា​ចម្រៀង​ដូច​គ្នា​ថា​ ​ពេល​មិន​ទាន់​ល្បី​​ត្រូវ​ឆ្លៀត​ពេល​ព្យាយាម​ដើរ​លេង​និង​ណាត់​ជួប​គ្នា​ឱ្យ​បាន​ច្រើន​។

Rainbow’s Kim Jae Kyung

៤./ ធ្វើ​អ្វី​ត្រូវ​មាន​ភស្តុតាង​និង​គ្រឿង​សំអាង

ដើម្បី​គេច​ពី​ភ្នែក​ម្នាស់​របស់​អ្នក​ចាត់ការ​ទូទៅ​ វិធី​ល្អ​បំផុត​ត្រូវ​មាន​គ្រឿង​សំអាង​ឱ្យ​បាន​ស្រេច​។ យោង​តាម​សមាជិក​ Rainbow មួយ​រូប​ទៀត​គឺ​ Jisook បាន​និយាយ​នៅ​ក្នុង​កម្មវិធី​ Singderella កាល​ពី​ឆ្នាំ​២០១៧​ តារា​ចម្រៀង​រូប​នេះ​ប្រើប្រាស់​វិធីសាស្ត្រ​ចេញ​ក្រៅ​កន្លែង​ស្នាក់​នៅ​ដោយ​ការ​និយាយ​ថា​ខ្លួន​ចេញ​ក្រៅ​ហាត់ប្រាណ​ តែ​ការ​ពិត​ Jisook ចេញ​ទៅ​ជួប​មិត្ត​ប្រុស​របស់​នាង​នោះ​ទេ​។ ដោយ​ខ្លាច​ត្រូវ​គេ​ចាប់​បាន​ រាល់​ពេល​ចេញ​ក្រៅ​នាង​តែងតែ​យក​កៅ​ស៊ូ​លោត​ហាត់​ប្រាណ​តាម​ខ្លួន​ជាប់​ជានិច្ច​។​

Jisook និងស្វាមី Lee Doo Hee

៥./ ណាត់​គ្នា​បែប​មិន​បាច់​ជួប​មុខ​

ឆ្ងល់​មែន​ទេ?​ ណាត់​គ្នា​បែប​មិន​បាច់​ជួប​មុខ​ដោយ​​បែប​ណា​?​ តាម​រយៈ​វិធីសាស្ត្រ​ដែល​រៀបរាប់​មក​ខាង​លើ​ វិធី​សាស្ត្រ​ចុង​ក្រោយ​នេះ​ គឺ​ល្អជាង​គេ​បំផុត​ ព្រោះ​១០០​ភាគ​រយ​មិន​មាន​អ្នក​ណា​បាន​ឃើញ​​​នោះ​ទេ។​ កាល​ពី​ឆ្នាំ​២០០៩ ក្នុង​កម្មវិធី​ Hun Man Jung Eum អតីត​តារា​ចម្រៀង​ក្រុម​ 2NE1 Sandara Park បាន​និយាយ​ថា​នាង​មិន​ដែល​ត្រូវ​បាន​ចាប់​បាន​ថា​មាន​ទំនាក់ទំនង​ជាមួយ​បុរស​​នោះ​ទោះ​ជា​ខ្លួន​មាន​ទំនាក់ទំនង​សុទ្ធតែ​ជាមួយ​តារា​ៗ​ដូច​គ្នា​តាំង​ពី​ប្រឡូក​ក្នុង​សិល្បៈ​ក្ដី​​​​​​​។ នាង​បាន​និយាយ​ថា​ នាង​ប្រើប្រាស់​ស្នេហា​អនឡាញ​ ដែល​ក្នុង​ន័យ​មួយ​ទៀត​គឺ​ មិន​បាច់​ជួប​មុខ​គ្នា​ផ្ទាល់​។​ Sandara និយាយ​ថា​តាំង​ពី​ចេះ​មាន​ទំនាក់ទំនង​ខ្លួន​មិន​ដែល​ចេញ​ទៅ​ញ៉ាំ​អី​ជាមួយ​គ្នា​ឬ​កុម្មង់​អាហារ​អី​មក​ញ៉ាំ​នោះ​ទេ​ពេល​ណាត់​ជួប​គ្នា​ដើម្បី​គេច​ផុត​ពី​ការ​មើល​ឃើញ​។​ Sandara ថែម​ទាំង​និយាយ​បែប​លេង​សើច​ទៀត​ថា​ មុន​ពេល​មាន​ Covid-19 កញ្ញា​មិន​ដែល​មាន​ឱកាស​ Date គ្នា​បែប​ជួប​មុខ​ផ្ទាល់​ face to face ម្ដង​ណា​ឡើយ​។

Sandara Park

៦./ ឆ្លៀត​ឱកាស​ជួប​​ក្រោយ​ឆាក

នៅ​ក្នុង​កម្មវិធី​ Life Bar សមាជិក​ក្រុម​ Girl’s Day បាន​និយាយ​លេង​សើច​ថា​ ពួក​គេ​តែង​តែ​ទទួល​អារម្មណ៍​ស្នេហា​តាម​រយៈ​ខ្យល់​ព្រោះ​ក្នុង​កម្មវិធី​ធំៗ​គឺ​ជា​ឱកាស​ដែល​ Idol បាន​ជួប​មុខ​គ្នា​ ឧទាហរណ៍​ដូច​ជា​ Athletics Championship ជា​កម្មវិធី​ដែល​មាន​តារា​ចម្រៀង​មក​ចូលរួម​ជា​ច្រើន​ក្រុម​ សូម្បី​តែ​ពិធីករ​​ Jun Hyun ក៏​ទទួល​ស្គាល់​​ក្នុង​កម្មវិធី​ Happy Together 3 ដែរ​ថា ​​គាត់​មើល​ឃើញ​តារា​ញ៉ែ​គ្នា​ពី​ក្នុង​ប៊ូត​ MC របស់​ខ្លួន​។ អតីត​សមាជិក​ក្រុម​ 4Minutte Jeon Ji Yoon ក៏​បាន​ចែក​រំលែក​ក្នុង​កម្មវិធី​ Video Star ដែរ​ថា​មាន​កន្លែង​អាថ៌កំបាំង​ជា​ច្រើន​ដែល​ក្នុង​ស្ថានីយ​ទូរទស្សន៍​ដែល​អាច​ឱ្យ​តារា​អាច​ឆ្លៀត​ជួប​គ្នា​បែប​សម្ងាត់​បាន​ដូច​ជា​ផ្លូវ​ដើរ​និង​កន្លែង​សម្រាក​ជា​ដើម​។​ ខណៈ​សមាជិក​ T-ara បាន​ចែក​រំលែក​ក្នុង​កម្មវិធី​ On&Off ថា​ពួក​ខ្លួន​ឆ្លៀត​ណាត់​ជួប​គ្នា​នៅ​លើ​ជណ្ដើរ​ឬ​នៅ​លើ​ដំបូល​អគារ​ស្នាក់​នៅ​ ព្រោះ​មាន​ភាព​ងាយ​ស្រួល​បើ​សិន​ជា​ Manager ត្រលប់​មក​វិញ​គឺ​ងាយ​នឹង​រត់​ចូល​កន្លែង​គេង​។​

4Minute’s Jeon Ji Yoon

ស្ដាប់​ៗ​ទៅ​ជីវិត​ជា​តារា​កូរ៉េ​មិន​ងាយ​ស្រួល​សោះ​ ព្រោះ​សូម្បី​មាន​ស្នេហា​ក៏​ត្រូវ​លួចលាក់​ដើម្បី​បាន​ជួប​គ្នា​ដែរ​។

Telegram-Troryorng
Share.