អាជ្ញាធរបាននិយាយថា ការបាក់ដីបានស្រុតចូលសាលាបឋមសិក្សានៅតំបន់ជនបទមួយកន្លែង នៅលើភ្នំភាគខាងត្បូងនៃទីក្រុង Medellin នាថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ កក្កដា (ម៉ោងក្នុងស្រុក) ដោយបានសម្លាប់កុមារតូចៗ ៣នាក់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងបានបោកបក់លើភាគខាងជើង និង ខាងលិចប្រទេស កូឡុំប៊ី។

មន្រ្តីនៅក្នុងខេត្ត Antioquia បាននិយាយថា កុមារប្រហែល ២០នាក់ រួមជាមួយនឹងគ្រូម្នាក់ និង ម្ដាយរបស់សិស្សម្នាក់ បានសម្រាកនៅក្នុងអាហារដ្ឋាននៃសាលា La Lejia នៅពេលដែលបាក់ស្រុត។

ពួកគេភាគច្រើនបានរត់គេចខ្លួនដោយគ្មានគ្រោះថ្នាក់ ប៉ុន្ដែកុមារ ៣នាក់ ដែលមានអាយុក្រោម ៦ឆ្នាំ បានស្លាប់ ហើយក្មេង ២នាក់ទៀតត្រូវបានជីកចេញពីអគារនោះរួចបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ស្ថានភាពរបស់ពួកគេហាក់បីដូចជាប្រសើរឡើង។

លោក Juan Pablo Lopez លេខាធិការនៃការអភិវឌ្ឍន៍តំបន់របស់ខេត្ត Antioquia បាននិយាយថា ដីបានបាក់រលុងនៅជិតកំពូលភ្នំដែលសាលាស្ថិតនៅតំបន់ក្បែរទីក្រុង Andes ដែលធ្វើដំណើរប្រហែល ៣ម៉ោង ពីទីក្រុង Medellin។

ខ្សែវីដេអូដែលបានចែករំលែកលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីមនុស្សរាប់សិបនាក់ កំពុងព្យាយាមយកគំនរឈើ ដែលដួលរលំ និង​ កម្ទេចថ្មី ចេញដើម្បីជួយសង្រ្គោះក្មេងៗ។

ដោយឡែក Eliana Rincones ដែលជាគ្រូបង្រៀននៅសាលានោះបានប្រាប់អ្នកសារព័ត៌មានថា មានក្មេងៗចំនួន ២២នាក់ មានវត្តមាននៅពេលមានការរអិលបាក់ដី។

អ្នកគ្រូ Rincones បាននិយាយថា «យើងកំពុងស​ម្រាក ហើយភ្លាមៗយើងបានឮសំឡេងអ្វីមួយខ្លាំងណាស់ យើងអស់គ្នាងាកទៅមើល ហើយរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុន្ដែដីនោះបានបាក់មកដល់តែម្ដង»។

សូមជម្រាបថា ការរអិលបាក់ដីនេះគឺជា លទ្ធផលនៃភ្លៀងធ្លាក់ខ្លាំងដែលបក់បោកលើប្រទេសកូឡុំប៊ី ដោយសារបាតុភូតអាកាសធាតុ La Nina។

យោងតាមវិទ្យាសាស្រ្តឧតុនិយមបានឲ្យដឹងថា ភ្លៀងនឹងបន្ដធ្លាក់រហូតដល់ខែ កញ្ញា ខាងមុខ ដោយអាជ្ញាធរបាននិយាយថា ការរអិលបាក់ដីមួយទៀតនៅជាយក្រុង Medellin បានសម្លាប់មនុស្ស ២នាក់ដែរ នាថ្ងៃតែមួយ៕

ប្រភព៖ CNA

Share.