យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រុម​មេធាវី​ការពារ​ក្តី​កញ្ញា​ ​មាន​ ​ពេជ្ររីតា​ ​នៅ​ព្រឹក​ថ្ងៃ​ទី៣០​ ខែ​ឧសភា​នេះ​ ​បាន​ប្រកាស​​ដំណឹង​ជូន​សាធារណជន​ថា​ សំណុំ​រឿង​កញ្ញា​ ​មាន ​ពេជ្ររីតា និងឧកញ៉ា ហេង សៀ ​បាន​នឹង​កំពុង​មាន​ចំណាត់ការ​តាម​នីតីវិធី​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។​

សូមចុចអាន៖ ​ភាគី​កញ្ញា​ ​មាន​ ពេជ្ររីតា​ ​ផ្ដល់​ចម្លើយ​​បំភ្លឺ​យ៉ាង​ក្បោះក្បាយ​​និង​ស៊ី​ជម្រៅ​ពាក់​ព័ន្ធ​នឹង​រឿង​ក្ដី​ប្ដឹងផ្ដល់​ជាមួយ​នឹង​ឧកញ៉ា​ ហេង សៀ​!

សេចក្ដី​ជូន​ដំណឹង​​ក្រុម​មេធាវីស័្មគ្រចិត្ត​សម្តេច​តេជោ​ ហ៊ុន ​សែន ដែល​បាន​ការ​ពារ​ក្ដី​កញ្ញា​ មាន​ ពេជ្ររីតា​ ​ពិធីការិនី​ទូរទស្សន៍ MYTV មាន​សេចក្ដី​លម្អិត​ដូច​ខាង​ក្រោម​៖​

​​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​កញ្ញា​ មាន ពេជ្ររីតា សុំ​បញ្ជាក់​ថា​ ​សំណុំ​រឿង​ឧកញ៉ា​ ​ហេង សៀ ​និង​ពិធីការិនី​ ​មាន ​ពេជ្ររីតា​ ​ដែល​មាន​លេច​ឮ​ជា​ព័ត៌មាន​ពុំ​ច្បាស់​លាស់​ពី​មួយ​ទៅ​មួយ​ថា​​ត្រូវ​បាន​បញ្ចប់​ស្ងាត់​ៗ​ តាម​រូបភាព​ចរចា​គ្នា​នោះ​ ពុំ​មាន​ករណី​ដូចនេះ​កើត​ឡើង​នោះ​ទេ​។​

បច្ចុប្បន្ន​នេះ​សំណុំ​រឿង​ឧកញ៉ា​ ហេង សៀ ​ប្តឹង​កញ្ញា​ មាន ពេជ្ររីតា ​កំពុង​ធ្វើ​ចំណាត់​ការ​តាម​នីតិវិធី​ ដោយ​ចៅក្រម​ស៊ើប​សួរ​ជា​សមត្ថកិច្ច​ ​(​កញ្ញា​មាន​ ​ពេជ្ររីតា ​បាន​ចូល​បំភ្លឺ​ចំនួន​២​លើក​រួច​ហើយ​ ឯ​ភាគី​លោក​ឧកញ៉ា​វិញ​​ក៏​បាន​ចូល​បំភ្លឺ​១​លើក​រួច​ហើយ​ដែរ​ ​នៅ​ចំពោះ​មុខ​ចៅ​ក្រម​ស៊ើបសួរ​)​។​ ខណៈ​នេះ​ដោយ​សារ​ពិនិត្យ​ឃើញ​កញ្ញា​ ​មាន ពេជ្ររីតា ​គ្មាន​កំហុស​ មេធាវី​ការពារ​សិទ្ធិ​បាន​ដាក់​ពាក្យ​ស្នើសុំ ​ទៅ​ចៅក្រម​ស៊ើបសួរ​លើកលែង​ការ​ចោទ​ប្រកាន់​រួច​ហើយ​។​

ដោយ​ឡែក​ចំពោះ​បណ្តឹង​ដែល​កញ្ញា​ ​មាន​ ​ពេជ្ររីតា​ ​ប្តឹង​លោក​ឧកញ៉ា​ ​ហេង សៀ ​ទៅ​អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ព្រះរាជ​អាជ្ញា​ បង្វិល​ទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​បឋម​ (​ក្នុង​នោះ​ភាគី​ដើម​បណ្តឹង​ មាន ពេជ្ររីតា​ អម​ការពារ​ដោយ​មេធាវី​បាន​ចូល​បំភ្លឺ​ជូន​សមត្ថកិច្ច​​ នគរបាល​រួច​ហើយ​​ តែ​ចំពោះ​ភាគី​លោក ហេង សៀ​ ពុំ​បាន​ទទួល​ព័ត៌មាន​ច្បាស់​ថា ​សមត្ថកិច្ច​ហៅ​ចូល​ ឬ​មិន​ទាន់​ហៅ​ចូល​នៅ​ឡើយ​)​។​

ក្រុម​មេធាវី​ការពារ​កញ្ញា​ ​មាន ពេជ្ររីតា​ កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុកដាក់​ចំពោះ​ចំណាត់ការ​នីតិវិធី​ លើ​សំណុំ​រឿង​ទាំងពីរ​នេះ​។

ប្រសិន​បើ​មាន​អ្វី​ថ្មី​បន្ថែម​ពាក់ព័ន្ធ​នឹង​​រឿង​ក្ដី​ កញ្ញា​ មាន​ ពេជ្ររីតា​ និង​ ឧកញ៉ា ហេង សៀ​ ជាបន្ត​ទៀត​ សារព័ត៌មាន​ត្រយង​ញូវស៍​នឹង​លើក​យក​មក​ផ្សព្វផ្សាយ​ជូន​ជា​បន្ត​បន្ទាប់​ទៀត​៕

Telegram-Troryorng
Share.