បាត់ដំបង÷ បុរសម្នាក់បើកបរត្រាក់ទ័រមិនប្រយ័ត្នត្រឡាប់សង្កត់លើបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។ ហេតុការណ៍ភ្ញាក់ផ្អើលក្រោយការប្រទះឃើញសាកសពនេះបានកើតឡើងនៅវេលាម៉ោង ១០:០០នាទី ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២២ នៅត្រង់ចំណុចក្បែរដីចម្ការ ក្នុងភូមិអូរតាសុខ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះញឹក សារិត ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។

តាមសាច់ញាតិជនរងគ្រោះបានបញ្ជាក់ថា នៅល្ងាចថ្ងៃកើតហេតុពួកគាត់ចេះតែងឿងឆ្ងល់ និងចាំមើលផ្លូវព្រោះមិនបានឃើញជនរងគ្រោះវិលត្រឡប់មកផ្ទះវិញដូចសព្វដងដោយយប់ពេកទើបមិនបានដើររក រហូតដល់ព្រឹកឡើងនៅថ្ងៃទី ១៥ ខែកក្កដា សង្ស័យក៏នាំគ្នាទៅរកមើលបានប្រទះឃើញត្រាក់ទ័រក្រឡាប់ចូលទៅក្នុងអូរ ចន្លោះកំណាត់ផ្លូវពីចម្ការមកផ្ទះ។ក្រោយហេតុកើតឡើងភ្លាមសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យរួចសន្និដ្ឋានថា គ្រោះថ្នាក់ក្រឡាប់ត្រាក់ទ័រនេះអាចកើតឡើងនៅល្ងាចថ្ងៃទី ១៤ ពេលដែលជនរងគ្រោះបញ្ចប់ការងារភ្ជួររាស់ ហើយត្រឡប់មកផ្ទះវិញ។

ក្រោយពិនិត្យនគរបាលជំនាញបានប្រគល់សាកសពឲ្យទៅសាច់ញាតិក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ÷ដំបងក្រញូង

Share.