កំពង់ចាម ៖ បុរសម្នាក់បានស្លាប់ពេលដឹកបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូឌុបគ្នាល្បឿនលឿន ភ្លាត់ស្នៀតធ្លាក់អ្នកជិះខាងក្រោយ ត្រូវបានរថយន្តបើកបុក បណ្តាលឲ្យរងរបួសធ្ងន់ ដឹកទៅមន្ទីរពេទ្យ ស្លាប់បាត់ជីវិត កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវបែកជាបួន ស្ថិតក្នុងភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ជនរងគ្រោះដែលស្លាប់ ឈ្មោះ កែវ សំបូរ ហៅ សុខឡាង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ចំណែក២នាក់ទៀតមិនមានរងរបួស ទី១ ឈ្មោះ ខុង រ៉ាវី ភេទប្រុស អាយុ៣៥ឆ្នាំ រស់ នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ ទី២ ឈ្មោះ ស៊ីម សុវណ្ណ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ម៉ាកឃ្លីក ពណ៌ក្រហម គ្មានស្លាកលេខ គ្នា៣នាក់ បើកដោយឈ្មោះ ខុង រ៉ាវី ចំណែកជនរងគ្រោះដែលស្លាប់ អង្គុយក្រោយគេ បានបើកពីកើតទៅលិច លឿនលឿន លុះដល់ចំណុចកើតហេតុ ចាប់ហ្វ្រាំងមុខ ធ្វើឲ្យធ្លាក់ជនរងគ្រោះអង្គុយពីក្រោយ មិនទាន់យកចេញផង សនរបពេលដែលរថយន្តកូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-5533 បើកបរដោយឈ្មោះ ប៉ាខូ សុខខេង ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលបើកពីជើងទៅត្បូង ហ្វ្រាំងមិនទាន់បុកជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ ដឹកយកទៅមន្ទីរពេទ្យ ស្លាប់បាត់ ។

ក្រោយកើតហេតុ រថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ស្នងការខេត្ត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ÷តាតុង សែនជ័យ

Share.