នៅ​សុខៗ​ ​ស្រាប់​តែ​គណនី​ហ្វេសប៊ុក​របស់​បងប្រុស​កំពូល​តារា​ចម្រៀង​ខេមរ:​ សិរីមន្ត​ ​គឺ​លោក​ ខេមរ:​ ភារុណ បាន​បន្ត​រៀបរាប់​ម្ដង​ជា​ពីរដង​ពី​គោល​បំណង​និង​មូលហេតុ​ដែល​លោក​ចង់​ក្លាយ​ជា​អភិបាល​រាជធានី​។​

កាល​ពី​ថ្ងៃ​អាទិត្យ​ ​(៣០ ​ឧសភា​) ​គណនី​ហ្វេសប៊ុក​ ​ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា​ ​Chau Sopanha​ ដែល​ត្រូវ​បាន​មិត្តភក្ដិ​និង​មហាជន​មួយ​ចំនួន​ដឹង​ថា​ជា​របស់​អ្នក​និពន្ធ​បទចម្រៀង​មាន​ឈ្មោះ​បោះ​សំឡេង​មួយ​រូប​គឺ​លោក​ ​ខេមរ: ភារុណ​ ​ឬ មាន​ឈ្មោះ​ពិត​ថា​ ខែម ភារុន​ ត្រូវ​ជា​បងប្រុស​បង្កើត​កំពូល​តារា​ចម្រៀង​ល្បី​ប្រចាំ​ផលិតកម្ម​ហង្សមាស​ ​ខេមរ: សិរីមន្ត ​បាន​បន្ត​ផុស​សំណេរ​រៀប​រាប់​ខ្លី​ៗ​ពី​គោលបំណង​ដែល​លោក​ចង់​ក្លាយ​ទៅ​ជា​អភិបាល​ខេត្ត​រាជធានី​មួយ​រូប​ ​ប្រសិន​បើ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ នាយក​រដ្ឋ​មន្ត្រី​ផ្ដល់​នូវ​សេចក្ដី​ទុក​ចិត្ត​ចំពោះ​រូប​លោក​។​

សំណេរ​លើក​ទីមួយ​ ដែល​លោក​បង្ហើប​ថា​ចង់​លោក​ចង់​ធ្វើ​ជា​អភិបាល​រាជធានី​ភ្នំពេញ​មាន​សេចក្ដី​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖​
«​ពាក់​ឈុត​បែប​ហ្នឹង​សម​ធ្វើ​ជា​អភិបាល​ខេត្ត​រាជធានី​បាន​អត់​? ​បើ​បាន​ធ្វើ​វិញ​ខ្ញុំ​ធានា​មិន​អោយ​សម្តេច​និង​ប្រជាជន​យើង​ខក​ចិត្ត​ឡើយ​។»

បន្តិច​ក្រោយ​មក​ទៀត​ ​អ្នក​និពន្ធ​ចម្រៀងដ៏​ពូកែ​រូប​​នេះ​ក៏​បាន​ផុស​រូប​លោក​មួយ​សន្លឹក​ ហើយ​សរសេរ​អម​ភ្ជាប់​បញ្ជាក់​ពី​ទីតាំង​ថា​លោក​កំពុង​ស្ថិត​នៅ​ក្នុង​សាលា​ក្រុង​សិនចិន​របស់​ប្រទេស​ចិន​។​

​ចុង​ក្រោយ​បង្អស់​ ​លោក​ ​ខេមរ: ភារុណ ​បាន​បញ្ជាក់​ថា​​មហិច្ឆតា​ធំ​របស់​ខ្លួន​នេះ​គឺ​ដើម្បី​ប្រទេស​ជាតិ​ និង​ ​ប្រជាជន​៖
«​ខ្ញុំ​ចង់​ធ្វើ​ជា​អភិបាល​ខេត្ត​រាជធានី​មិន​មែន​ដើម្បី​ផល​ប្រយោជន៍​ខ្ញុំ​នោះ​ទេ​ សំខាន់​ផល​ប្រយោជន៍​ទាំង​នោះ​បាន​ទៅ​លើ​ប្រទេស​ប្រជាជន​និង​រាជរដ្ឋាភិបាល​ខ្មែរ​យើង​ទៅ​វិញ​ទេ​។​ប្រសិន​បើ​សម្ដេច​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ប្រមុខ​រាជរដ្ឋាភិបាល​លោក​ផ្តល់​សេចក្តី​ទឹកចិត្ត​ដល់​ខ្ញុំ​។​»

បច្ចុប្បន្ន​លោក ខេមរៈ ភារុណ មិន​ត្រឹម​តែ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​មួយ​រូប​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​លោក​​មានឋ​ានន្តរសក្តិ​ជា​មន្ត្រីយោធា​​​តួនាទី​​ឧត្តមសេនីយ៍ត្រី (ផ្កាយ១) នៅ​ក្នុង​ក្រសួងការពារជាតិ​ផង​ដែរ​។​

នៅ​ខាង​ក្រោម​សំណេរ​របស់​លោក​ដែល​បាន​ផុស​លើ​បណ្ដាញ​សង្គម​​ក៏​មាន​បងប្អូន​មិត្ត​ភក្ដិ​ជា​ច្រើន​នាក់​បាន​ចូល​មក​អបអរ​សាទរ​និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ប្រសិន​បើ​លោក​បាន​ធ្វើ​ជា​អភិបាល​រាជធានី​ដូច​ជា​ការ​រំពឹង​ទុក​របស់​លោក​យ៉ាង​ពិត​ប្រាកដ​មែន​នោះ​៕

Telegram-Troryorng
Share.