កីឡាករ​ប្រដាល់ Nguyễn Trần Duy Nhất ដែល​អ្នក​គាំទ្រ​ដាក់​រហស្សនាម​ថា​ជា «ប៊ូខាវ​វៀតណាម» ដណ្តើម​បាន​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​កីឡា World Games 2022 នៅ​សហរដ្ឋអាមេរិក ក្នុង​ប្រភេទ​កីឡា Muaythai វិញ្ញាសា​Featherweight បុរស​ទម្ងន់​​​ក្រោម​៥៧គីឡូក្រាម ខណៈ​កាល​ពី​២២​ថ្ងៃ​មុន​រូប​គេ​បាន​ប្រកួត​ចាញ់​កីឡាករ ឃឹម បូរ៉ា របស់​កម្ពុជា ក្នុង​ជំនួប​​នៅ​ខេត្ត​ស្វាយរៀង របស់​ស្ថានីយ​ទូរទស្សន៍ Town។

Nguyễn Trần Duy Nhất (រូបថត៖thanhnien)

យ៉ាងហោច​ណាស់​​មាន​ប្រទេស​អាស៊ាន​ចំនួន​៤ បាន​កំដរ​ក្បាច់​គុណ​ប្រដាល់ Muaythai ​ចេញ​ពី​ប្រទេស​ថៃ ទៅ​បង្ហាញ​ខ្លួន​លើក​ទី២ ក្នុង​ព្រឹត្តិការណ៍​កីឡា​ World Games 2022 នៅ​សហរដ្ឋអាមេរិក ដែល​មាន​១២ វិញ្ញាសា (បុរស​៦​វិញ្ញាសា នារី​៦វិញ្ញសា)។ ប្រទេស​​ចំនួន​៥ បើ​បូក​ជាមួយ​ថៃ បាន​បញ្ជូន​អត្តពលិក​របស់​ខ្លួន​ទៅ​ប្រកួត​មាន​ដូចជា ម៉ាឡេស៊ី ២នាក់, ហ្វីលីពីន ២នាក់, សឹង្ហបុរី ១នាក់ វៀតណាម ២នាក់ និង​ថៃ ៥នាក់។

ក្នុង​ចំណោម​១២​វិញ្ញាសា​ក្នុង​កីឡា Muaythai រក​ឃើញ​ម្ចាស់​មេដាយ​១០​វិញ្ញាសា​ហើយ ដោយ​ក្នុង​នោះ​មេដាយ​មាស​បាន​ទៅ​​អ៊ុយក្រែន ២គ្រឿង, ថៃ ២ គ្រឿង, អាមេរិក,អូស្រ្តាលី, ចក្រភព​អង់គ្លេស,​អ៊ីតាលី,​ស្លូវ៉ាគី, វៀតណាម ម្នាក់​១គ្រឿង។

កីឡា Muaythai ត្រូវ​បាន​​គណៈកម្មការ​ប្រកួត​កីឡា World Games ដាក់​ក្នុង​បញ្ជី​ប្រភេទ​កីឡា MARTIAL ARTS ជាមួយ​កីឡា Ju-Jitsu (ប្រភព​ពី​ជប៉ុន), ការ៉ាត់តេដូ (ប្រភព​ពី​ជប៉ុន), Kickboxing, Sumo (ប្រភព​មក​ពី​ជប៉ុន) និងវ៉ូស៊ូ (ប្រភព​មក​ពីចិន)៕

Share.