ប្រទេសវៀតណាម បានផ្ទុះឡើងនូវជំងឺកូវីដ១៩ កាលពីដើមឆ្នាំមុន ហើយក៏ជាពេលនៃការកើនឡើង​នៃតម្រូវការកង់ជិះ ដើម្បីហាត់ប្រាណផងដែរ។​ ក្រុមហ៊ុនលក់ដុំ និងរាយមួយចំនួន​បាន​លើកឡើងថា អត្រាលក់កង់បានកើនឡើងចន្លោះពី ២០០-៣០០% នៅអំឡុងផ្ទុះកូវីដ១៩ដំបូង កាលពីឆ្នាំមុន។

លោក អាញ់ ទួន (Anh Tuan)​ រស់នៅទីក្រុងហាណូយ បានជិះកង់ទៅហាងជាប្រចាំ។ គាត់បានទិញកង់កាលពីឆ្នាំមុនក្នុងតម្លៃ ៤លានដុង (១៧៣ ដុល្លារ)។ “ថ្មីៗនេះ​ មិត្តភក្តិរបស់ខ្ញុំ ៣នាក់ក៏បានទិញកង់ផងដែរ។ ម្នាក់បានចំណាយ ១០លានដុង ដើម្បីទិញកង់ជិះជុំវិញបឹងខាងលិច។

ក្រុមអ្នកជិះកង់ក៏បានប្រាប់សារព័ត៌មាន Vietnam Express ថា អំឡុងនៃការបិទខ្ទប់កន្លែងហាត់ប្រាណ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២១ ពួកគេបានទិញកង់ដើម្បីជិះហាត់ប្រាណ ហើយឥឡូវកន្លែងហាត់ប្រាណបានបិទសាជាថ្មី ធ្វើឲ្យការជិះកង់​កាន់តែច្រើន និងទៀងទាត់ជាមុន។​

ក្រុមហ៊ុនលក់រាយជប៉ុននៅផ្សារទំនើប AEON Vietnam ដែលមានហាងលក់កង់ចំនួន ៦ នៅផ្សារទំនើបចំនួន ៦ របស់ខ្លួននៅ HCMC ទីក្រុងហាណូយ ទីក្រុងហាយផុង និងខេត្តប៊ិញដុង បានរាយការណ៍ពីការលក់កើនឡើងពី ២០០ ទៅ ៣០០ ភាគរយ កាលពីឆ្នាំមុន។

អ្នកនាំពាក្យផ្សារទំនើប AEON បាននិយាយថា៖ «ការលេចចេញនូវ Covid-19 បានធ្វើឱ្យប្រជាជនយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះសុខភាព ដោយការជិះកង់ ដែលបានក្លាយជានិន្នាការសម្បទា នៅប្រទេសវៀតណាម។

ក្រុមហ៊ុន Blue Circle  ដែលជាក្រុមហ៊ុនចែកចាយកង់យីហោ Giant របស់តៃវ៉ាន់នៅវៀតណាម ក៏បានរាយការណ៍ពីការកើនឡើងនៃការលក់នៅក្នុងហាងចំនួន ២១ របស់ខ្លួនដែរ។ នាយកប្រតិបត្តិរបស់ខ្លួន គឺលោក Peter Nguyen បានសន្មតថា វាជាតម្រូវការកើនឡើងនៃការធ្វើលំហាត់ប្រាណ ខណៈរក្សាគម្លាតសង្គម។

ប៉ុន្តែលោកថា ទីផ្សារកង់មានសក្តានុពលខ្ពស់ក្នុងរយៈពេលវែង ដោយសារកត្តាមួយចំនួន ដូចជា ភាពរីកចម្រើន នៃការបង្កើតផ្លូវកង់ ការពង្រីកក្រុង (ការអភិវឌ្ឍក្រុង) និងការអភិវឌ្ឍ សេវាដឹកជញ្ជូនសាធារណៈ ដែលនឹងកាត់បន្ថយការប្រើប្រាស់ម៉ូតូ៕


ប្រភព៖ VNexpress

Share.