ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្តី ក៏នៅមានកុមារមួយចំនួនកំពុងរស់នៅ ក្នុងស្ថានភាពងាយរងគ្រោះ និងរងគ្រោះ។ភាពងាយរងគ្រោះទាំងនោះត្រូវបានប្រមុខរាជរដ្ឋាភិបាលអះអាងដោយសារឪពុក-ម្តាយ ឬអាណាព្យាបាលធ្វើទេសន្តរប្រវេសន៍ និងបោះបង់ចោលរយៈពេលយូរ។

នេះបើយោងតាមការបញ្ជាក់របស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជានៅក្នុង សារលិខិតរបស់សម្តេចអបអរខួបលើកទី៧២ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២០ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២១។

ក្នុងសារលិខិតនោះដែរ សម្តេចតេជោបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្តេជ្ញាចិត្ត លើកកម្ពស់ការគោរពសិទ្ធិកុមារនិងផ្ដល់ កិច្ចការពារយ៉ាងពេញទំហឹង នៅគ្រប់ស្ថានភាពដោយបានបង្កើត នូវយន្តការជាច្រើនក្នុងការគ្រប់គ្រង និងផ្តល់សេវាដល់មុខសញ្ញាកុមារទូទៅ កុមារងាយរងគ្រោះ និងកុមាររងគ្រោះ។

ក្នុងស្ថានភាព នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នេះ សម្តេចបានលើកឡើងថា កុមារត្រូវការការគាំទ្រ និងអន្តរាគមន៍ជាចាំបាច់។សម្តេច ស្នើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តពង្រឹងយន្តការសម្របសម្រួល ក្នុងការបង្ការទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់ និងផ្តល់សេវាយុត្តិធម៌សង្គម ៕

Share.