​គណៈកម្មការ​ប្រកួត​បាល់ទាត់ជាតិ​កម្ពុជា (CNCC) បាន​ប្រកាស​ថា​ត្រូវ​រៀបចំ​ពានរង្វាន់ CNCC League 2021ប្រើពេល​២៣ថ្ងៃ ក្នុង​ខែ​មិថុនា ដើម្បី​ធ្វើការ​ប្រកួត​ប្រជែង ដែល​មាន៨​ក្រុម​ចូលរួម ខណៈ​ក្រុមហ៊ុន Forward Sportswear ជា​ម្ចាស់​ឧបត្ថម្ភ​ធំ។

បើតាម​ការ​បញ្ជាក់​បន្ថែម​ពី CNCC ប្រព័ន្ធ​ប្រកួត​ត្រូវ​បាន​បែងចែក​ជា​ពីរ​(០២)​ពូល គឺ៖ ពូល A និង B ដែល​ប្រកួត​សរុប១៥ប្រកួត។ ការ​ប្រកួត​ទាំង​អស់​នឹង​មិន​មាន​ការ​គិត​គ្រាប់​បាល់ (ទ្វេរ​ដង Away Goal) ចូលទី​នៅ​ទឹកដី​ក្រៅ​ផ្ទះ​នោះ​ទេ។ ចំណែក​២ក្រុម​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ១​ និង​លេខ ​២ ​នៃ​ពូល A និង B មាន​សិទ្ធិ​ឡើង​ទៅវគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ។

ការប្រកួតនេះនឹងចាប់ផ្តើមពីថ្ងៃទី០៥ ខែមិថុនា ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ខណៈ​ការ​ចាប់ឆ្នោត​បែងចែក​ពូល​រៀបចំដោយ គណកម្មការ​ប្រកួត​បាល់ទាត់ជាតិកម្ពុជា។ ក្រុម​សមាជិក​ទាំង​៨ក្រុម​មាន ១.វិសាខា ២.ព្រះខ័នរាជស្វាយរៀង ៣.បឹងកេត ៤.ខេត្ត​ព្រៃវែង ៥.កងយោធពលខេមរភូមិន្ទ (ទ័ព) ៦.យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ៧.អាយ អេស អាយ ដង្កោសែនជ័យ និង ៨.ភ្នំពេញក្រោន។

អត្ថបទពាក់ព័ន្ធ៖CNCC គ្រោង​បង្កើត​ពាន League Cup ខណៈ Forward ជា​ម្ចាស់​ឧបត្ថម្ភ​ធំ

ក្នុង​ការ​ប្រកួត​កីឡាករ​អាច​ប្តូរ​បាន​ចំនួន ០៥នាក់ ក្នុង​រយៈពេល​បីដង ដោយ​មិន​រាប់​បញ្ចូលការ​ប្តូរ​ពេល​សម្រាក​ចន្លោះវគ្គ កីឡាករ​ប្តូរ​ចេញហើយ មិន​អាច​ចូលលេងវិញបានទេ បើ​សិន​មាន​កីឡាករ​តិច​ជាង​០៧​នាក់ (ចាត់​ទុក​ថា​បាន បោះបង់​ការ​ប្រកួត​ចោល)។

ការប្រកួត​នីមួយៗ​មាន​រយៈពេល​កៅសិប (៩០) នាទី និង​មាន​ពីរ​ (២) វគ្គ ហើយ​មាន​រយៈពេល​សែសិបប្រាំ (៤៥) នាទី (រយៈពេលលេងធម្មតា) ក្នុង១វគ្គ។ ការប្រកួត​ត្រូវចាប់​ផ្តើមតាម​ម៉ោងដែល​បាន​កំណត់​នៅ ក្នុងកាលវិភាគប្រកួត និង រយៈពេលសម្រាក​គឺ ដប់ប្រាំ (១៥) នាទី នៅចន្លោះ​តង់ ដែល​ចាប់ផ្តើម​ពីការ​ផ្លុំកញ្ចែ​បញ្ចប់​តង់​ទីមួយ និងនៅពេលផ្លុំកញ្ចចាប់ផ្ដើមប្រកួតតង់ទីពីរ។

ក្នុង១ក្រុម​អាច​ចុះឈ្មោះមន្ត្រីបាន១០នាក់ និងកីឡាករយ៉ាងតិច១៨នាក់ ទៅ ៤០នាក់ ចំពោះ​កីឡាករ​ចាប់ពីអាយុ ១៦ឆ្នាំឡើងទៅ។ ចំណែក​ការកំណត់ចំណាត់ថ្នាក់ នៅ​ពេល​បញ្ចប់​ការ​ប្រកួត​នីមួយៗ៖

១. ពិន្ទុបី (៣) នឹងត្រូវផ្ដល់ជូនក្រុមឈ្នះ។
២. ពិន្ទុមួយ (១) នឹងត្រូវផ្ដល់ជូនក្រុមចូលរួមនីមួយៗដែលទទួលលទ្ធផលស្មើគ្នា។
៣. ពិន្ទុសូន្យ (០) នឹងត្រូវផ្ដល់ជូនក្រុមចាញ់។
៤. ប្រសិនបើមានក្រុមពីរ ឬ លើសនេះ មានពិន្ទុស្មើគ្នា នោះការគិតចំណាត់ថ្នាក់នឹងអនុវត្តតាមលំដាប់ដូច ខាងក្រោម៖
៤.១. ពិន្ទុសរុបក្រុម (លទ្ធផល) ដែលពាក់ព័ន្ធ (ក្រុមប្រឈម)។
៤.២. ផលសងគ្រាប់បាល់សរុបរវាងក្រុមដែលពាក់ព័ន្ធ (ក្រុមប្រឈម)។
៤.៣. គ្រាប់បាល់ទាត់ចូលទីគេសរុបរវាងក្រុមដែលពាក់ព័ន្ធ (ក្រុមប្រឈម)។
៤.៥. ផលសងគ្រាប់បាល់សរុប។
៤.៦. គ្រាប់បាល់ទាត់ចូលទីគេសរុប។
៤.៧ទាត់បាល់ ១១ម៉ែត្រ បើពាក់ព័ន្ធតែពីរក្រុម ហើយក្រុមទាំងពីរកំពុងលេងនៅលើទីលាន
៤.៨ក្រុមមានចំណាត់ថ្នាក់ Fair Play ល្អជាងគេ។ ពិន្ទុតិចជាងគេ ដែលបានដោយការបូក លឿង​និង​កាតក្រហម​ពី​ការ​ប្រកួតទាំងអស់របស់ក្រុម៕

អត្ថបទពាក់ព័ន្ធ៖ក្រុម​​អាយ អេស អាយ ចូល​ជំនួស​គីរីវង់ ក្នុង​ពាន League Cup 2021

Telegram-Troryorng
Share.