កវី​និពន្ធ​ជើង​ចាស់​ លោក​ ស៊ុំ​ សារឿន​ ​ម្ចាស់​ស្នាដៃ​ «​បើក​សៀវភៅ​ឃើញ​ស្នេហ៍​​» បាន​ទទួល​ទទួល​អនិច្ចកម្ម​ហើយ​ នេះ​បើ​យោង​តាម​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​របស់​អ្នក​នាង​ ពេជ្រ​ សោភា​។​

«បើក​សៀវភៅ​អាន​ ភក្ត្រ​កល្យាណ​ដាម​ជាប់​សៀវភៅ​ បេះដូង​បង​ខំ​ស្រែក​ហៅ​ តែ​ពាល​ពៅ​ កន្តើយ​បែក​បែរ​ សល់​តែ​ស្រមោល​រោល​ភ្លើង​ទុក្ខ​ ប្រាណ​បង​គ្មាន​ល្ហែ​ ខំ​ប្ដូរ​សៀវភៅ​ថ្មី​ដែរ​ តែ​ក្ដី​ឈឺចាប់​ទ្វេ​​ដង​» នេះ​គឺ​ជា​ឃ្លា​ដក​ស្រង​ចេញ​​ពី​បទ​ចម្រៀង​ «បើក​សៀវភៅ​ឃើញ​ស្នេហ៍​»​ ស្នាដៃ​និពន្ធ​របស់​លោក​គ្រូ​ ស៊ុំ​ សារឿន​ ​​​បក​ស្រាយ​​យ៉ាង​ពីរោះ​ដោយ​តារា​ចម្រៀង​ល្បី​លោក​ ​ព្រាប ​សុវត្ថិ​។

https://www.youtube.com/watch?v=T5QoDBc0H-g

ក្រៅ​ពី​ជា​អ្នក​និពន្ធ​លោក​គ្រូ​ ស៊ុំ​ សារឿន​ ក៏​អាច​ច្រៀង​បាន​យ៉ាង​ពីរោះ​ផង​ដែរ​ឧទាហរណ៍​ដូច​ជា​បទ​ «ទាវ​អើយ​ទាវ​ឯក​» នៅ​ក្នុង​អាល់ប៊ុម​ចម្រៀង​របស់​ផលិតកម្ម​ ហង្សមាស​ ​គឺ​ជា​សំនៀង​ដើម​​លោកគ្រូ​ច្រៀង​ផ្ទាល់​ផង​ដែរ​។​

កាល​ពី​ដើម​ឆ្នាំ​២០២០ (៧ មករា) លោក​គ្រូ​​ ស៊ុំ​ សារឿន ​ធ្លាប់​បាន​ឡើង​បកស្រាយ​ចម្រៀង​មួយ​បទ​យ៉ាង​ពីរោះ​ក្នុង​កម្មវិធី​ចម្រៀង​គ្រួសារ​ខ្មែរ​ មាន​ចំណង​ជើង​ថា​ «​សំបុត្រ​លំបាក​សរសេរ​​បំផុត​» ​។​

​​លោក​ គ្រូ​ ស៊ុំ​ សារឿន​ ដែល​ជា​ធនធាន​សិល្បៈ​ដ៏​មាន​ទេពកោសល្យ​និង​ជំនាញ​​ទាំង​ការ​ច្រៀង​និង​និពន្ធ​​ បាន​ទទួល​អនិច្ចកម្ម​នៅ​វេលាម៉ោង​ ១១:២០​នាទី​ថ្ងៃ​ត្រង់​ ថ្ងៃ៣១​ ខែ​ឧសភា​ ឆ្នាំ​២០២១​នេះ​ ដោយ​រោគា​ពាធ​៕​

Telegram-Troryorng
Share.