ភ្នំពេញ៖បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ជាច្រើនគ្រាប់បណ្តាលឲ្យរងរបួស បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២យប់រំលងអធ្រាត្រឈាន ចូលថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០២២នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណ នោះទេ ខណៈដែលមូលហេតុនៃការបាញ់ប្រហារនេះមិនត្រូវបានគេដឹងពីមូលហេតុនៅឡើយ ដោយគេគ្រាន់តែដឹងថាជនរងគ្រោះជិះរថយន្ត RANGE ROVER  VOGUE ពណ៌ខ្មៅ ស៊េរីឆ្នាំ 2017 ពាក់ផ្លាក លេខ កម្ពុជា2JS.3333 ។

តាមប្រភពពីអ្នកគ្រូពេទ្យបានឲ្យដឹងថារថយន្ត របស់ជនរងគ្រោះត្រូវជាច្រើនគ្រាប់ហើយអ្នកបើកបរបានរងរបួសរត់ចូលទៅក្នុងមន្ទីរសម្ភព សុខភាព ស្ត្រី ដោយមានឈាមប្រឡាក់ពេញខ្លួន។ពេលនោះ អ្នកគ្រូពេទ្យបានបញ្ជាក់ប្រាប់ជនរងគ្រោះថា នៅមន្ទីរសម្ភពរបស់គាត់មិនមានការព្យាបាលរបួសនោះទេគឺជាសម្ភពសុខភាពស្ត្រីតែប៉ុណ្ណោះ។

បន្ទាប់មកជនរងគ្រោះ ក៏បានចាកចេញពីមន្ទីរសម្ភពសុខភាពស្ត្រីទៅរកមន្ទីរពេទ្យផ្សេងទៀតបាត់ស្រមោលដោយបន្សល់ទុកតែរថយន្តនៅមុខសម្ភពសុខភាពស្ត្រី តែប៉ុណ្ណោះ។នៅលើរថយន្តគេឃើញមានស្នាមបាញ់ធ្លុះធ្លាយជាច្រើនគ្រាប់និងមានឈាមប្រឡាក់ជាប់នឹងរថយន្តហើយនិងកង់រថយន្តបែកខ្ទេចចេញយ៉ាន់ទំនងជាខ្មាន់កាំភ្លើងបាញ់បំបែកកង់ដើម្បីបញ្ឈប់ជនរងគ្រោះ។ ប៉ុន្តែជនរងគ្រោះនៅតែជិះបន្តរហូតដល់សម្ភពសុខភាពស្ត្រីខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលដល់លោកគ្រូពេទ្យបាន រាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍ នៅជុំវិញរថយន្ត។

ក្រោយកើតហេតុសមត្ថកិច្ចបានស្ទូចយករថយន្តទៅរក្សាទុក រង់ចាំធ្វើការស្រាវជ្រាវបន្តរកប្រភពនៃការបាញ់បោះនេះថាតើជាករណីអ្វីឲ្យពិតប្រាកដ៕

អត្ថបទ៖លី សុភ័ស្ត

Share.