កាលពីថ្ងៃ អាទិត្យ ទី ២៤ ខែ កក្កដា លោក Rishi Sunak បានសន្យាថានឹងមានភាពតឹងតែងលើប្រទេសចិន ប្រសិនបើលោកក្លាយជានាយករដ្ឋមន្រ្តីថ្មីរបស់ចក្រភពអង់គ្លេស ដោយបានហៅមហាអំណាចអាស៊ីថាជា «ការគំរាមកំហែងទី១ ដល់សន្ដិសុខក្នុងស្រុក និង សកលលោក»។

ការសន្យារបស់អតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុនេះ ធ្វើឡើងបន្ទាប់ពីដៃគូប្រជែងរបស់លោក គឺលោកស្រី Liz Truss បានរិះគន់រូបលោកថា មានគោលជំហរទន់ខ្សោយចំពោះចិន និង រុស្ស៊ី និងក្រោយសារព័ត៌មាន Global Times និយាយថា លោក Sunak គឺជាបេក្ខជនតែម្នាក់គត់ដែលមានភាពប្រាកដប្រជា និង ច្បាស់លាស់លើការអភិវឌ្ឍទំនាក់ទំនងរវាងចិន និង អង់គ្លេស។

ទាក់ទឹននឹងរឿងនេះ លោក Sunak មានសំណើរមួយចំនួនរួមមាន៖ ការបិទវិទ្យាស្ថានខុងជឺទាំង៣០ នៅក្នុងចក្រភពអង់គ្លេស ទប់ស្កាត់ការរីករាលដាលនៃឥទ្ធិពលរបស់ចិនតាមរយៈកម្មវិធីវប្បធម៌ និង ភាសា។

ទន្ទឹមនោះលោក Sunak ក៏បានសន្យាថានឹងបណ្ដេញបក្សកុម្មុយនីស្ដចិន CCP ចេញពីសាកលវិទ្យាល័យរបស់យើង ដោយបង្ខំឲ្យគ្រឹះស្ថានឧត្តមសិក្សាបង្ហាញការផ្ដល់មូលនិធិបរទេសជាង ៦ម៉ឺនដុល្លារអាមេរិក និង ពិនិត្យមើលភាពជាដៃគូស្រាវជ្រាវ។

យ៉ាងណាម៉ិញ នៅក្នុងសុន្ទរកថាមួយ ទៅកាន់ក្រុមអ្នកគាំទ្រ កាលពីថ្ងៃ អាទិត្យ ទី ២៤ ចុងសប្ដាហ៍កន្លងទៅនេះ លោក Sunak ផ្ទាល់បានរិះគន់ត្រង់ៗ លើសកម្មភាពរបស់ ទីក្រុងប៉េកាំង លើទីក្រុងហុងកុង តំបន់ស៊ីនជាំង ពីបញ្ហាសិទ្ធិមនុស្ស ព្រមទាំងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និង ផ្លូវរបស់លោក Xi Jinping ផងដែរ ជាមួយការសន្យាប្រកាន់ជំហរតឹងរ៉ឹងជាមួយចិន នៅពេលដែលលោកក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេស៕

ប្រភព៖ CNA

Share.