ភ្នំពេញ៖លោក សេង រិទ្ធី ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៅព្រឹកថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២២បានសម្រេចប្រកាស សាលក្រមផ្តន្ទាទោសជនជាប់ចោទ៤នាក់ក្នុងនោះមានជនជាតិថៃ៣នាក់និងខ្មែរម្នាក់ ដាក់ពន្ធនាគារម្នាក់ៗ អស់មួយជីវិតពាក់ព័ន្ធនឹងករណីគ្រឿងញៀនជាង៦០គីឡូក្រាម។

ជនជាប់ចោទទាំង៤រូបរួមមាន៖១.ឈ្មោះ ទិន ទី ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ ២.ឈ្មោះ ដាវ ឌីឌឹន (DAV DE DAN) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ថៃ ៣.ឈ្មោះ វ៉ាន់ឆៃ លឿងផូត (VANCHAI LOEUNG PKUOUCH) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិ ថៃ ៤.ឈ្មោះ មង្គល សុខហម (MONG SOKHORM) ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិ ថៃ។

ជនជាប់ចោទទាំងនេះត្រូវជាប់ពន្ធនាគារម្នាក់ៗ អស់មួយជីវិត ក្រោមការចោទប្រកាន់ពី រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងសម្អាតប្រាក់ (គ្រឿងញៀន ជិត ៦៥ គីឡូក្រាម និងកាន់កាប់អាវុធអាវុធ ៣ដើម) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៨ ដល់ថ្ងៃទី៣ខែមីនាឆ្នាំ២០២២។

កាលពីថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២២ នៅវេលាម៉ោង១៣:១០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ី ផល្លា.លោក វរ:សេនីយ៍ឯក ជាវ តុលា នាយករងមន្ទីរ និងលោក វរ:សេនីយ៍ទោ សេង ឃុនណាង នាយការិយាល័យ ក១១ .មានការចូលរួមស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំង មានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើប អង្កេតស្រាវជ្រាវ បង្រ្កាប ២គោលដៅផ្សេងគ្នា។

ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងចាប់យកបាន មេតំហ្វេតាមីន(ICE)ទម្ងន់ សុទ្ធ ៤២គីឡូនិង៧៥៩.៨៤ក្រាម ហេរ៉ូអុិន(HEROIN)ទម្ងន់ សុទ្ធ ២១គីឡូ និង១២០ក្រាម សរុប សារធាតុញៀនប្រមាណ ៦៣គីឡូ និង ៨៧៩.៨៤ក្រាម អាវុធAK ១ដើមនិងអាវុធខ្លី២ដើម រថយន្ត ៣គ្រឿង៕

អត្ថបទ៖ចតុមុខ

Share.