អាជ្ញាធរបាននិយាយថា ទូកដឹកជនចំណាកស្រុកហៃទីទំនងជាបានក្រឡាប់នៅកោះ Bahamas កាលពីព្រឹកថ្ងៃ អាទិត្យ ទី ២៤ សប្ដាហ៍មុន ហើយកងកម្លាំងសន្តិសុខឆ្នេរសមុទ្រ Bahamain បានស្រង់សាកសពមនុស្ស ១៧នាក់ និង ជួយសង្រ្គោះមនុស្ស ២៥នាក់ផ្សេងទៀត។

នាយករដ្ឋមន្រ្តីនៃប្រទេសដែនកោះ Bahamas លោក Philip Brave Davis បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា អ្នកស្លាប់ទាំងនោះមាន ១៥នាក់ជាស្រ្តី ១នាក់ជាបុរស ហើយក្នុងចំណោមអ្នកស្លាប់នោះក៏មានទារកម្នាក់ដែរ។ លោកបន្ដថា ក្រៅពីនោះអ្នកដែលយើងជួយសង្រ្គោះបាន គឺត្រូវបានយកទៅពិនិត្យ និង សង្រ្គោះដោយបុគ្គលិកសុខាភិបាល។

លោក Davis បន្ដទៀតថា អាជ្ញាធរជឿជាក់ថាពួកគេស្ថិតនៅលើទូកល្បឿនលឿនឆ្ពោះទៅកាន់ឆ្នេរសមុទ្រនៃទីក្រុង Miami របស់សហរដ្ឋអាមេរិក ហើយបានក្រឡាប់លិចក្នុងទឹកដែលមានជម្រៅជ្រៅ។ លោកថា ទូកនេះបានចាកចេញពីប្រទេស Bahamas នៅម៉ោងប្រហែល ១ទៀបភ្លឺ ដែលផ្ទុកមនុស្សបានដល់ទៅ ៦០នាក់ ហើយទំនងជានៅមានមនុស្សជាច្រើនទៀតបាត់ខ្លួន។

លោក Davis លើកឡើងថា ការស៊ើបអង្កេតឧក្រិដ្ឋកម្មបានចាប់ផ្ដើមទៅលើប្រតិបត្តិការរត់ពន្ធមនុស្សដែលគេសង្ស័យថា ជាបទល្មើសដែលធ្លាប់កើតមានកន្លងមកក្នុងប្រទេស។ ចំពោះករណីនេះ លោកសូមចូលរួមរំលែកទុក្ខដល់ប្រជាជនដែលបាត់បង់ជីវិតក្នុងសោកនាដកម្មនេះ។

សូមជម្រាបថា ដែនកោះ Bahamas គឺជាច្រកផ្លូវឆ្លងកាត់ដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍ហៃទី ដែលស្វែងរកផ្លូវចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិក ហើយចាប់តាំងពីឆ្នាំមុនសន្ទុះនៃការធ្វើដំណើរតាមផ្លូវទឹកទាំងប្រថុយប្រថានបានកើនឡើង ដោយសារតែប្រទេសហៃទីបានជួបប្រទះនូវបញ្ហាសេដ្ឋកិច្ច និង សន្ដិសុខ កាន់តែអាក្រក់ទៅៗ៕

ប្រភព៖ The Hindu

Share.