ក្រចេះ ៖ រថយន្តកាមរីហាយប្រីតមួយគ្រឿង បើកលឿនរអិលធ្លាក់ផ្លូវ ក្រឡាប់ចូលក្នុងបាឡាតទឹក បណ្តាលឲ្យអ្នកបើកបរស្លាប់ កៀបក្នុងរថយន្ត ដែលគេស្គាល់ថា ជាអភិបាលរងស្រុកស្នួល ខេត្តក្រចេះ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៧ ចន្លោះគីឡូម៉ែត្រលេខ២៦៨-២៦៩ (ស្នួល-ក្រចេះ) ចំណុចភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។

ជនរងគ្រោះឈ្មោះ លោក នូ សុផល ភេទប្រុស អាយុ៤៥ឆ្នាំ ជាអភិបាលរងស្រុកស្នួល មានទីលំនៅភូមិវត្ត សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះបើករថយន្តម៉ាកកាមរីហាយប្រីត ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-5300 ធ្វើដំណើរពីជើងទៅត្បូង ដល់ចំណុចកើតហេតុ រេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ចូលក្នុងប្រឡាយទឹក បណ្តាលឲ្យបោកកៀបស្លាប់ក្នុងរថយន្ត ។

ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចចុះទៅអន្តរាគមន៍ សពត្រូវប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.