បាត់ដំបង÷ ព្រះសង្ឃគង់ក្នុងខេត្តបាត់ដំបង ៨០អង្គខកចិត្តជាខ្លាំងក្រោយបង់ខាតបច្ច័យ ១លានរៀលក្នុងមួយអង្គៗដើម្បីរត់ការដាក់ពាក្យប្រឡងបាក់ឌុបមិនបានសម្រេច។

ព្រះសង្ឃមួយអង្គគង់ក្នុងវត្តបច្ឆា ក្នុងក្រុងបាត់ដំបង បានមានសង្ឃដីកានៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២២នេះថា ព្រះអង្គក៏ដូចជាព្រះសង្ឃជាច្រើនអង្គទៀតប្រមាណជាង ៨០អង្គ គង់នៅតាមបណ្តាស្រុកនានាក្នុងខេត្តបាត់ដំបងបានសម្រេចបង់បច្ច័យក្នុងមួយអង្គៗចំនួនពី ៨០ម៉ឺន និងខ្លះទៀតចំនួន ១លានរៀលឲ្យទៅព្រះសង្ឃដូចគ្នាមានព្រះនាម អ៊ុត ឆេងវណ្ណ គង់នៅក្នុងវត្តឥន្ទ្រាធិបតី ហៅវត្តសង្កែ ក្រុងបាត់ដំបង ដើម្បីរត់ការមានសិទ្ធប្រឡងបាក់ឌុបស្វ័យរិន តាំងពីអំឡុងខែកុម្ភះមក តែចុងក្រោយនេះត្រូវព្រះសង្ឃព្រះនាម អ៊ុត ឆេងវណ្ណ បានឆាតតាមទូរស័ព្ទប្រាប់ថាគួរឲ្យស្តាយព្រះសង្ឃដែលលោកបានដាក់ពាក្យតាមរយ:ព្រះអង្គរត់ការប្រឡងទាំងអស់នោះមិនមានឈ្មោះប្រឡងទេ ហើយបច្ច័យទាំងអស់ក៏រត់ការអស់ដែរ។

ប្រភពដដែលបន្តថា÷ ក្រោយព្រះអង្គទទួលបានដំណឹងមិនមានឈ្មោះនេះព្រះអង្គមានការខកចិត្តជាខ្លាំង ហើយមិនអស់ចិត្តក៏បានទំនាក់ទំនងសួរនាំដល់មន្ត្រីនៃមន្ទីរអប់រំយុវជន និងកីឡាខេត្តពោធិសាត់ ដែលជាកន្លែងដាក់ពាក្យស្នើរសុំប្រឡង ត្រូវមន្ត្រីមន្ទីរអប់រំប្រាប់ថាឆ្នាំនេះមិនមានព្រះសង្ឃដាក់ពាក្យប្រឡងមកពីខេត្តផ្សេងឡើយ ទើបព្រះអង្គបានដឹងច្បាស់ថាចាញ់បោកគេហើយ ហើយក៏នាំគ្នាទៅជួបជាមួយព្រះអង្គ អ៊ុត ឆេងវណ្ណ ជាច្រើនលើកដើម្បីដោះស្រាយតែលោកមិនទទួលខុសត្រូវ មិនពីឆ្នាំមុនៗនោះទេព្រះអង្គ អ៊ុត ឆេងវណ្ណ ក្នុងការរត់ការតែងតែមិនមានឈ្មោះព្រះសង្ឃពី ១០ ទៅ២០អង្គ រួចបដិសេធមិនទទួលខុសត្រូវដូចគ្នា។

ជុំវិញបញ្ហាខាងលើនេះព្រះសង្ឃព្រះនាម អ៊ុត ឆេងវណ្ណ អង្គភាពយើងមិនអាចសុំការបំភ្លឺបានទេ។ ចំណែកឯ លោក គុណ សម្បត្តិមុនីរតន៍ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបាត់ដំបងបានបញ្ជាក់ថា÷ ករណីខាងលើបានកើតឡើងពិតប្រាកដមែនលោកទើបទទួលបានព្រឹកមិញនេះ ចំពោះមុខលោកកំពុងជំរុញឲ្យលោកគ្រូចៅអធិការវត្តសង្កែផ្ទាល់ ជាមួយនឹងមន្ត្រីសង្ឃអង្គផ្សេងទៀតចូលរួមដោះស្រាយមួយជំហានសិន៕

អត្ថបទ៖ ដំបងក្រញូង

Share.