គិតរហូតមកដល់ពេលនេះផ្លូវជាតិលេខ៣ពីភ្នំពេញទៅក្រុងកំពតសម្រេចបាន៩៨,០៤%ហើយ នៅសេស សល់តែការងារមួយចំនួនតូចប៉ុណ្ណោះដែលនឹងរួចរាល់នៅពេលឆាប់ៗនេះ។

ប្រភពពីក្រសួងសាធារណការបានឲ្យដឹងថា ផ្លូវជាតិ លេខ៣ ត្រូវបានសាងសង់ឡើងដោយបានគិតគួរលក្ខណៈបច្ចេកទេសយ៉ាងល្អិតល្អន់ ដោយសារផ្លូវនេះមានរោងចក្រ សហគ្រាស អាជីវកម្មជាច្រើនពាក់ព័ន្ធជាមួយនឹងការដឹកជញ្ជូន។

តម្រូវការក្នុងការដឹកជញ្ជូន មានការកំណើនកើនឡើង រួមនឹងមធ្យោបាយយានយន្តក៏កាន់តែទំនើប ផ្លូវនេះត្រូវបាន ផ្តោតជាសំខាន់លើគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរ និងកាត់បន្ថយការខ្ជះខ្ជាយថវិកាជាតិក្នុងការថែទាំជួសជុល ។

បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងខិតខំប្រឹងប្រែងពន្លឿនការងារ បំពាក់កាមេរ៉ាចាប់ល្បឿន យានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅក្នុង ស្ថានីយ៍។

ដោយឡែក ស្ពានអាកាសថ្មើជើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ឋិតនៅម្ដុំត្រាំខ្នាគ្រោងនឹងបញ្ចប់ការងារទាំងស្រុងក្នុងចុងខែមិថុនា ឆ្នាំ២០២១នេះហើយ។

សូមបញ្ជាក់ផងដែរថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញទៅក្រុងកំពត ដែលមាន ប្រវែងសរុប១៣៤,៧៩៦ គីឡូម៉ែត្រនេះចំណាយថវិកាសរុបជិត២២០លានដុល្លារសហរដ្ឋអាមេរិក៕

Share.