ពីវេទិកាអធិបតីនៃពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកគៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់ទស្សនាទានដល់មន្រ្តីនគរបាលជាន់ខ្ពស់អំពីសារៈសំខាន់នៃការបណ្ដុះបណ្ដាល ដោយសម្ដេចបានថ្លែងថា «ម្យ៉ាងដើម្បីមុខមាត់យើង កុំឱ្យពាក់ផ្កាយតែអត់បានរៀនប៉ូលិស អាហ្នឹងអន់ណាស់ អត់មានតម្លៃទេ អត់មានកិត្តិយសទេ។ ទីពីរទៀត គឺដើម្បីជាគម្រូសម្រាប់កូនចៅយើងជាមន្រ្តីនគរបាល។ ដែលហៅថាប៉ូលិសមានវិជ្ជាជីវៈត្រឹមត្រូវ គឺត្រូវតែបានរៀនសូត្រ»។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក៏បានរម្លឹកឡើងវិញនូវអ្វីដែលសម្ដេច ធ្លាប់បានគូសបញ្ជក់អំពីការងារកំណែទម្រង់នគរបាលជាតិ ដូចជាការជ្រើសរើសក្របខណ្ឌមន្រ្តីនគរបាលឱ្យបានត្រឹមត្រូវ មានតម្លាភាព និងយុត្តិធម៌ ការបណ្ដុះបណ្ដាលនិងបញ្ចូលក្របខណ្ឌ ការតែងតាំងនិងប្រគល់ភារកិច្ច រួមទាំងការតម្លើងស័ក្ដិនិងការដាក់វិន័យជាដើម។ សម្ដេចបន្តថាការបណ្ដុះបណ្ដាលសម្រាប់ថ្នាក់ដឹកនាំមន្រ្តីនគរបាលដូចដែលទើបតែបញ្ចប់នេះ ត្រូវតែបន្តដំណើរការទៅមុខទៀត ពីព្រោះគ្មានជម្រើសអ្វីក្រៅពីការរៀនសូត្រនោះទេ។

សម្ដេចក្រឡាហោម ក៏បានផ្ដាំផ្ញើសិក្ខាកាមថា«បន្ទាប់ពីបញ្ចប់ការបណ្ដុះបណ្ដាលនេះទៅ មិនមែនមានន័យថាអញបានរៀនហើយក៏ចប់ហើយនោះទេ មិនមែនមែនទេ។ ត្រូវរៀនបន្តទៀត រៀនលើការងារជាក់ស្ដែង ទោះជាយើងធ្លាប់បានធ្វើការងារជាក់ស្ដែងហើយក៏ដោយ តែក្រោយពីរៀននេះទៀត យើងអាចមានគំនិតថ្មីៗលើការបន្តការងារជាក់ស្ដែងថែមទៀត។ ហើយក៏មិនមែនថាបានរៀនហើយត្រូវតែតែងតាំងខ្ញុំ ត្រូវតែឱ្យឋានៈខ្ញុំយ៉ាងនេះយ៉ាងនោះក៏មិនត្រូវដែរ វាស៊ីសងទៅលើការអនុវត្តការងាររបស់យើង សីលធម៌ គុណធម៌ កិត្តិយស សេចក្ដីថ្លែថ្នូរបស់យើងវាសំខាន់ណាស់»។

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ដាស់តឿនទៀតថា«ម្នាក់ៗសុទ្ធតែមានអស់ហើយនូវការរៀនសូត្រ បុណ្យស័ក្ដិ ឬទ្រព្យសម្បត្តិ តែអ្វីដែលត្រូវមានចាំបាច់បំផុតនោះគឺការកសាងកិត្តិយសមុខមាត់របស់យើងម្នាក់ៗ។ យើងម្នាក់ៗធ្វើល្អក៏ជួយឱ្យគ្រួសារយើង សង្គមយើង និងជួយឱ្យជួរនគរបាលជាតិយើងមានកិត្តិយស មានមុខមាត់ដែរ។ ចៀសវាងចេញទៅដើរពើងទ្រូង អញផ្កាយ៣ អញផ្កាយ៤…ចង់ឱ្យគេស្គាល់ មិនមែនទៅសំឡុតគំរាមកំហែងឱ្យគេស្គាល់ទេ ត្រូវធ្វើសកម្មភាពល្អ គេនឹងស្គាល់ហើយ។ ត្រូវខិតខំធ្វើម៉េចកសាងអនាគតខ្លួនឯងឱ្យបានល្អ»។

សូមបញ្ជាក់ថាវគ្គបណ្ដុះបណ្ដាលសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី១ នេះជាការអនុវត្តតាមកម្មវិធីកំណែទម្រង់ និងផែនការអភិវឌ្ឍធនធានមនុស្សក្រសួងមហាផ្ទៃ ពិសេសស្របតាមការយកចិត្តទុកដាក់ពី សម្ដេចក្រឡាហោម ចំពោះថ្នាក់ដឹកនាំនគរបាលដែលមិនទាន់បានឆ្លងកាត់វគ្គសិក្សាទាក់ទងនឹងជំនាញនគរបាល។ បលតាមឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា សិក្ខាកាមទាំង២វគ្គនេះបានចាត់បញ្ជូនមកពីអគ្គនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត សរុបចំនួន១១៩នាក់ ស្រី២នាក់។

ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ បន្តថាវគ្គបណ្ដុះបណ្ដាលនេះ បានតម្រង់ទិសសិក្ខាកាមឱ្យទទួលបានចំណេះដឹងនិងជំនាញវិជ្ជាជីវៈក្នុងការការបំពេញតួនាទីជាថ្នាក់ដឹកនាំ ទាំងលើជំនាញដឹកនាំ បញ្ជា សន្តិសុខ គ្រប់គ្រងកងកម្លាំង ថ្លែងសុន្ទរកថា ធ្វើសង្គថា ដឹកនាំកិច្ចប្រជុំ ធ្វើជំនួយស្មារតី ការងារពិធីការ ការគោរពលំនាំនិងរបៀបបំពេញការងារ និងការអប់រំឱ្យមានអត្តចរិតល្អ អត់ធ្មត់ ស្មោះត្រង់ ក្លាហានមុះមត់ គោរពវិន័យ ច្បាប់ ឋានានុក្រម ការចេះធ្វើការងារជាក្រុម និងការងារទំនាក់ទំនងជាអន្តរបុគ្គល៕

Share.