ភ្នំពេញ៖បុរសជនជាតិចិនម្នាក់រួមដំណើរនិងជនជាតិខ្មែរនិងជនជាតិចិនម្នាក់ទៀតស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាកអូឌីមួយគ្រឿងបុកបង្កាន់ដៃស្ពានអាកាសក្បាលថ្នល់បណ្ដាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ ទៅមុខលែងរួច។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង៤ ទៀបភ្លឺឈានចូលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២ នៅចំណុចគល់ស្ពានអាកាសក្បាលថ្នល់តាមបណ្ដោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់រួមដំណើរដោយជនជាតិខ្មែរនិងជនជាតិចិនម្នាក់ទៀតទាំងអស់មានគ្នា៣នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអូឌីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AJ-0026ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកក្បាលថ្មបង្កាន់ដៃស្ពានអាកាសយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តរងការខូចខាតខ្ទេចមួយកំណាត់មុខ បំណែករថយន្តរាយពេញផ្លូវ។ ចំណែកបង្កាន់ដៃស្ពានរងការខូចខាតបន្តិចបន្តួចផងដែរ។ ភ្លាមនោះអ្នកបើកបរនិងអ្នករួមដំណើរបាននាំគ្នាគេចចេញពីកន្លែងកើតហេតុបាត់អស់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងទាក់ទងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទូរសព្ទទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួន មកដោះស្រាយតាមផ្លូវច្បាប់នៅពេល ក្រោយ៕

អត្ថបទ និង រូបភាព ៖ទូច វិច្ឆិកា

Share.