លោកស្រី Droupadi Murmu បានក្លាយជាប្រធានាធិបតីស្រីទី២ ដោយសារការបោះឆ្នោត ហើយក៏ស្រ្តីដំបូងគេដែលស្បថចូលកាន់តំណែងជាប្រធានាធិបតីមកពីសហគមន៍កុលសម្ព័ន្ធក្រីក្រ។

ថ្វីត្បិតប្រធានាធិបតីគ្រាន់តែជាតំណែងកិត្តិយសមិនមានអំណាចច្រើនក៏ដោយ ក៏ប៉ុន្ដែការឡើងកាន់តំណែងជាប្រមុខសាធារណរដ្ឋនេះ ជានិមិត្តរូបជ័យជម្នះយ៉ាងធំធេងសម្រាប់ក្រុមជនជាតិភាគតិច ហើយលោកស្រី Murmu ក៏ជាប្រធានាធិបតីស្រីទី២ របស់ប្រទេសនេះផងដែរ។

លោកស្រី Murmu គឺជាអតីតគ្រូបង្រៀន និង ជាមន្រ្តីរដ្ឋមកពីគណបក្ស Bharatiya Janata Party (BJP) របស់លោក Modi និង ជាស្រ្តីទី២ ដែលកាន់តំណែងជាប្រធានាធិបតីនេះ។ អ្នកស្រីកើតក្នុងគ្រួសារក្រីក្រនៃកុលសម្ព័ន្ធ Santhal មកពីភាគខាងកើតរដ្ឋ Odisha។

សមាជិកសភា និង សមាជិកសភារដ្ឋបានបោះឆ្នោតជ្រើសរើសលោកស្រី Murmu កាលពីសប្ដាហ៍មុនសម្រាប់អាណត្តិរយៈពេល ៥ឆ្នាំ បន្ទាប់ពីលោកស្រីត្រូវបានតែងតាំងដោយគណបក្ស (BJP)។

បន្ទាប់ពីស្បថចូលកាន់តំណែងក្នុងសភានៅរដ្ឋធានីញូវដេលី លោកស្រី Murmu បាននិយាយថា «ការបោះឆ្នោតរបស់ខ្ញុំគឺជាភស្ដុតាងនៃការពិតដែលថា ជនក្រីក្រនៅក្នុងប្រទេសឥណ្ឌាមិនមែនគ្រាន់តែសុបិននោះទេ ប៉ុន្ដែវាអាចក្លាយជាការពិតផងដែរ»។

លោកស្រីបន្ដថា «វាគឺជាបញ្ហានៃការពេញចិត្តយ៉ាងខ្លាំងសម្រាប់ខ្ញុំ ព្រោះអ្នកដែលត្រូវគេដកហូតសិទ្ធិរាប់សតវត្សមកហើយ និង អ្នកដែលត្រូវបានបដិសេធពីអត្ថប្រយោជន៍នៃការអភិវឌ្ឍន៍អ្នកក្រីក្រ និង កុលសម្ព័ន្ធកំពុងមើលឃើញសិទ្ធិរបស់ពួកគេតាមរយៈខ្ញុំ»។

ដោយឡែកនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានសាទរចំពោះការស្បថចូលកាន់តំណែងរបស់លោកស្រី Murmu នៅក្នុងពេលនេះ ជាពិសេសសម្រាប់ជនក្រីក្រដែលរងការគាប់សង្កត់ក្នុងសង្គម។

សូមជម្រាបថា ប្រធានាធិបតីឥណ្ឌាគឺជាអ្នកក្ដោបអំណាចទ័ពក្នុងដៃ ឬ ក៏ជាមេបញ្ជាការកំពូល ប៉ុន្ដែនាយករដ្ឋមន្រ្តីគឺជាអ្នកក្ដោបក្ដាប់អំណាចប្រតិបត្តិ មានន័យថា ទោះបីជាប្រធានាធិបតីមិនមានអំណាចនីតិប្រតិបត្តិ តែតំណែងប្រមុខរដ្ឋដើរតួយ៉ាងសំខាន់នៅពេលមានភាពមិនច្បាស់លាស់ផ្នែកនយោបាយ៕

ប្រភព៖ Reuters

Share.