ប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ដែល​ដឹកនាំ​ដោយ​ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ព្រម​ទាំង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិក​កម្ពុជា ចាកចេញ​ពី​មាតុប្រទេស​នៅ​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ​នេះ​ ដើម្បី​ទៅ​ចូលរួម​ប្រកួត​ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅ​ទីក្រុងសូឡូ ប្រទេស​ឥណ្ឌូនេស៊ី។

ប្រតិភូ​សរុប​របស់​កម្ពុជា មាន​ចំនួន​១៥៤នាក់ បាន​ចាកចេញ​​នៅ​វេលា​ម៉ោង​១២:៤០នាទីថ្ងៃត្រង់ តាម​ជើង​ហោះហើរ​ពិសេស​​លេខ ZA018 បន្ទាប់​ពី​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន យល់​ព្រម​ឲ្យ​មាន​ការ​រៀបចំយន្ដហោះពិសេស សម្រាប់​ការ​ដឹក​ជញ្ជូន​អត្តពលិក​មាន​ពិការ​ភាព​កម្ពុជា ទៅ​ឥណ្ឌូនេស៊ី ខណៈ​ក្រុមហ៊ុនអាកាសចរណ៍ Sky Angkor Airlines បាន​យល់​ដឹក​ជញ្ជូន​ទៅ​មក​ដោយ​ឥតគិតថ្លៃ ដែល​ត្រូវ​ចេញដំណើរនៅថ្ងៃទី២៦ ខែកក្កដា និងវិ​ល​ត្រឡប់​មក​មាតុភូមិ​វិញ នៅ​ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ២០២២។

ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បាន​បញ្ជាក់​ថា​ ប្រតិភូ​កីឡា​ប៉ារ៉ាឡាំពិក​កម្ពុជា ទៅ​ប្រទេស​ឥណ្ឌនេស៊ី លើកនេះ មាន​៣ប្រភេទ ដោយ​ប្រតិភូទី១ សំដៅ​លើ​ ក្រុម​អត្តពលិក និងគ្រូបង្វឹក ទៅ​ចូលរួម​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម លើកទី១១ ហើយ​ប្រតិភូទី២ គឺ​ក្រុម​ការងារ​ទៅ​រៀនសូត្រ និង​ដក​ស្រង់​បទពិសោធន៍គ្រប់​យ៉ាង​ ដើម្បី​យក​ចំណេះដឹង​មក​រៀបចំ​ការ​ប្រកួត​អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅ​កម្ពុជា និង​ប្រតិភូទី៣ គឺ​ក្រុម​ការងារ​សម្តែង​ដើម្បី​ទទួល​ទង់​សហព័ន្ធ​កីឡា​អាស៊ានប៉ារ៉ា ក្នុងនាមកម្ពុជា ជា​ម្ចាស់​ផ្ទះរៀប​ចំការ​ប្រកួត​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី១២ ឆ្នាំ២០២៣។

កម្ពុជា បញ្ជូន ១១ប្រភេទកីឡា ទៅចូលរួមប្រកួតរួមមាន កីឡាអត្តពលកម្ម, ហែលទឹក, បាល់ទះ​អង្គុយបុរស និងនារី, បាល់បោះរទេះបុរស និងនារី, បាល់បោះជនពិការភ្នែក, បាល់ទាត់៧ម្ខាង (ចលករខួរក្បាល), វាយកូនឃ្លីលើតុ, វាយសី, លើកទម្ងន់, អុក និងប៊ូស្យា ខណៈ​ព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម លើកទី១១ នៅ​ទីក្រុង​សូឡូ ប្រទេសឥណ្ឌូនេស៊ី ចាប់ផ្ដើមពីថ្ងៃទី៣០ ខែកក្កដា ដល់​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ២០២២ ដោយ​មាន​កីឡា ១៤​ប្រភេទ​ដាក់​ឲ្យប្រកួត៕

Share.