ប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកថ្នាក់ជាតិនៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានដំឡើងច្រើនជាងរដូវកាលមុន។ ជាក់ស្ដែង ក្រុមជើងឯកនឹងទទួលបាន១១០លានរៀល, លេខ២ បាន៧០លានរៀល, លេខ៣បាន៤០លានរៀល, ក្រុមអាជ្ញាកណ្ដាលល្អបាន៦លានរៀល, ក្រុម Fair Play បាន៩លានរៀល។ នេះជាចំនួនប្រាក់រង្វាន់ដែលត្រូវបានដំឡើងច្រើនជាងមុនចំនួន១០លានរៀលដូចៗគ្នា បើធៀបទៅនឹងរដូវកាលកន្លងទៅ។

ទន្ទឹមនឹងនេះ អ្នកទាត់បញ្ចូលទីច្រើនជាងគេ, គ្រូល្អ, អ្នកចាំទីល្អ និងកីឡាករល្អបាន៤លានរៀលដូចៗគ្នា ដែលជាការកើនឡើងច្រើនជាងមុន១លានរៀលដូចៗគ្នា។

គួរដឹងដែរថា ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ នឹងចាប់ផ្ដើមពីថ្ងៃទី២៧ ខែកក្កដា ដោយមាន១៦ក្រុមចូលរួម។ ក្រុមចំនួន៨ពីក្របខណ្ឌ Cambodian Premier League បូករួមទាំងក្រុមចំនួន៨ ទៀតឡើងពីវគ្គជម្រុះថ្នាក់ជាតិ៕

Share.