ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានចាប់ខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹង បទ ឆបោក លុយ៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។

ជនសង្ស័យមានឈ្មោះ ភាគ ផាន់នី ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរ ជាអ្នករកស៊ីទិញដី លក់ផ្ទះ មានទីលំនៅផ្ទះលេខD ៥៦ ផ្លូវបេតុង ភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

កម្លាំងសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យតាមដីកាបញ្ជាឲ្យចូលខ្លួន របស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងអំឡុងខែសីហា ឆ្នាំ ២០១៧  ។

ការចាប់ខ្លួនជនសង្ស័យរូបនេះត្រូវបានសមត្តកិច្ចបង្ហើបឲ្យដឹងថា រឿងផ្តើមចេញពីបុគ្គលឈ្មោះ ភាគ ផាន់នី បានទទួលប្រាក់កក់គេចំនួន៥ ម៉ឺនដុល្លារអាមេរិក ដើម្បីយកទៅសង់ផ្ទះលក់ឲ្យគេមួយកន្លែង នៅក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។លុះដល់ថ្ងៃកំណត់តាមកិច្ចសន្យាបែរជាគ្មានផ្ទះប្រគល់ឲ្យគេ ថែមទាំងគេចវេះ ពីម្ចាស់លុយទៀតផង និងចេះតែសន្យាខ្យល់ ដូច្នោះហើយទើបធ្វើឲ្យដើមបណ្តឹងសម្រេចចិត្តប្តឹងសមត្ថកិច្ចឲ្យចាត់ការតាមផ្លូវច្បាប់៕

អត្ថបទនិងរូបភាព៖ចតុមុខ

Share.