បេក្ខជន លឹម តិចម៉េង ក៏ជាបេក្ខជនមួយរូបដែលទទួលការគាំទ្រ និងចាប់អារម្មណ៍ច្រើនពីសំណាក់មហាជន នៅក្នុងនោះ បេក្ខជនរូបភាពអាចនិយាយបានថាទទួលបានសារសំឡេងបោះឆ្នោតច្រើនជាង អស់រយៈពេល ២សប្ដាហ៍មកហើយ ពោលគឺ Top 1។

តាមរយៈការបង្ហាញសមត្ថភាពក្នុងសប្ដាហ៍ទី ២ នេះ បេក្ខជន លឹម តិចម៉េង បានបកស្រាយបទចម្រៀង «ម៉ែ» រហូតធ្វើឱ្យអ្នកទស្សនាផ្ទាល់ ក៏ដូចជាអ្នកទស្សនាតាមបណ្ដាញសង្គម ព្រឺសម្បុរខ្ញាក ហើយស្លុងអារម្មណ៍ជាមួយបទចម្រៀងរបស់លោក។

ជាមួយគ្នានោះដែរ ថ្មីៗនេះគេស្រាប់តែឃើញឧកញ៉ា ខេមរៈ​ សិរីមន្ត ដែលជាតារាចម្រៀងរលកចាស់ បានលើកឡើងសរសើរពីសមត្ថភាពរបស់បេក្ខជន លឹម តិចម៉េង ដោយលោកលើកឡើងថា ៖ «ភាគច្រើនអ្នកកំពង់ចាមតូចៗស្ដើងៗតែធំ😄សម្លេងធំហើយធ្ងន់😄ប្អូនធ្វើបានល្អណាស់យប់មិញបងពេញចិត្ត😘បងក៏អ្នកកំពង់ចាមដែរ😄 »។ ការពេញចិត្តពេញថ្លើមបែបនេះ មិនមែនងាយនឹងបង្ហាញឱ្យមហាជនដឹងនោះឡើយ។

ក្រោយការពោលសរសើរពីអតីតគណៈកម្មការ The X Factor​ រូបនេះរួចមក បេក្ខជន លឹម តិចម៉េង ក៏នៅមិនស្ងៀមដែរ បង្ហើបពីអារម្មណ៍ពិតប្រាប់មហាជននៅលើបណ្ដាញសង្គមថា ៖​« ក្តីស្រម៉ៃមួយដែរមិននឹកស្មានដល់❤️🙏🏾❤️»។ មើលទៅលោកដូចជារំភើបចិត្តឥតឧបមា។

យ៉ាងណាមិញ នៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី ៤ នេះ គេសម្គាល់ឃើញថា មានបេក្ខជនខ្លាំងច្រើនរូបដែលមានសមត្ថភាពត្រដងត្រសងគ្នា ដែលធ្វើឱ្យគ្រប់គ្នាចាំតាម និងស្ទាបស្ទង់ពីសមត្ថភាពបេក្ខជននីមួយៗទៅតាមសប្ដាហ៍បន្តបន្ទាប់ទៀត៕

Share.