បើ​តាម​ការ​បញ្ជាក់​លើ​ហ្វេសប៊ុក​​របស់​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា នៅ​​ថ្ងៃ​អង្គារ ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា​មន្រ្តី​របស់​សហព័ន្ធ​បាន​ជួប​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​ក្រៅ​ប្រទេស​ដើម្បី​ស្វែង​រក​កីឡាករ​ កីឡាការិនី​បាល់ទះ​ដែល​មាន​គុណភាព​ មក​ជួយ​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ត្រៀម​ប្រកួត​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២៣ ខាងមុខ​ ពេល​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ​

ប្រភព​បញ្ជាក់​ថា​លោក​បណ្ឌិត​ អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​ដឹកនាំ​មន្រ្តី​ពាក់ព័ន្ធ ចូលរួម​​ប្រជុំ​ជាមួយ​​លោក Sokhary Chauy អភិបាល​ក្រុង ​Lowell នៃ​រដ្ឋ Massachusetts សហរដ្ឋ​អាមេរិក លោក Kevin Coughlin លោក Oun Andrew ដើម្បី​ស្វែង​រក​កីឡាករ​ កីឡាការិនី​បាល់ទះ​ដែល​មាន​គុណភាព​នៅ​ក្រៅ​ប្រទេស​ចូលរួម​បន្ថែម​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដើម្បី​ត្រៀម​ការ​ប្រកួត​​កីឡា​ស៊ីហ្គេម​លើកទី៣២ ឆ្នាំ២០២៣។

បើ​តាម​សម្តី​លោក​បណ្ឌិត អាំ សិរីពិសិដ្ឋ បញ្ជាក់​ថា៖«​​អ្នក​ទាំង​៣ ជា​ជន​បង្គោល​ម្នាក់​នៅ​អាមេរិក ខណៈ​លោក Sokhary Chauy ជា​ខ្មែរ​អណិកជន​នៅ​អាមេរិក ​ធ្លាប់​បាន​ជួយ​ជ្រោមជ្រែង​កីឡាករ​បាល់​បោះ មក​ជួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នា​ពេល​កន្លង​ទៅ​ផង​ដែរ»។

លោក​បន្ត​ថា​នេះ​ជា​ការ​បើក​ផ្លូវ​មួយ​សម្រាប់​ការ​សម្លឹង​រក​មើល​កូន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក ដែល​មាន​កម្រិត​លេង​ខ្ពស់​មិន​ថា​បាល់​ទះ​បុរស នារី ឬ បាល់ទះ​ឆ្នេរ​ខ្សាច់​ទេ ដើម្បី​យក​មក​បញ្ចូល​គ្នា​ជាមួយ​កីឡាករ​ជម្រើស​ជាតិ​ ដែល​យើង​មាន​ស្រាប់ ត្រៀម​ប្រកួត​លើ​ឆាក​អន្តរជាតិ ជា​ពិសេស​គឺ​ត្រៀម​ស៊ីហ្គេម ផ្ទាល់​តែម្តង៕

Share.