មន្រ្តីសហភាពអឺរ៉ុបបាននិយាយថា គណៈកម្មការអឺរ៉ុបកាលពីថ្ងៃ ច័ន្ទ ទី ២៥ បានផ្ដល់ការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង Imvanex របស់ក្រុមហ៊ុនឱសថដាណឺម៉ាក Bavarian Nordic សម្រាប់ប្រឆាំងនឹងជំងឺអុតស្វា។

លោក Stefan de Keersmaecker អ្នកនាំពាក្យរបស់ស្ថាប័នប្រតិបត្តិសហភាពអឺរ៉ុបទទួលបន្ទុកផ្នែកសុខភាពបានបញ្ជាក់ប្រាប់ទីភ្នាក់ងារ Anadolu ថា គណៈកម្មការអឺរ៉ុបបានអនុម័តលើការបន្ដអាជ្ញាប័ណ្ណទីផ្សាររបស់វ៉ាក់សាំង Imvanex។

បន្ទាប់ពីមានការវាយតម្លៃផ្នែកវិទ្យាសាស្រ្តរបស់ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) លើវ៉ាក់សាំងនេះថាជា វ៉ាក់សាំងដែលបង្កើតឡើងដំបូងប្រឆាំងនឹងជំងឺអុតស្វា ហើយក៏មានប្រសិទ្ធភាពផងដែរក្នុងការការពារមនុស្សពេញវ័យប្រឆាំងនឹងជំងឺអុតស្វា។

កាលពីថ្ងៃ សៅរ៍ សប្ដាហ៍មុន អង្គការសុខភាពពិភពលោក (WHO) បានប្រកាសពីការផ្ទុះជំងឺអុតស្វា ជាគ្រាអាសន្នផ្នែកសុខភាពពិភពលោក ដែលមេរោគនេះបានបង្កផលប៉ះពាល់ដល់មនុស្សជាង ១៦,០០០នាក់ នៅក្នុង ៧៥ប្រទេស ចាប់តាំងពីខែ ឧសភា នេះបើយោងតាមស្ថិតិចុងក្រោយរបស់អង្គការ WHO។

សូមជម្រាបថា រោគសញ្ញាជំងឺអុតស្វាដូចជា ក្ដៅខ្លួន ឈឺក្បាលខ្លាំង អស់កម្លាំង ហើមកូនកណ្ដុរ ឈឺសាច់ដុំ ឈឺខ្នង កន្ទួលរមាស់ជាមួយពងទឹកលើមុខ បាតដៃ បាតជើង មាត់ ប្រដាប់ភេទ និង ភ្នែកជាដើម។ វាអាចឆ្លងតាមរយៈការប៉ះពាល់ស្បែក និង ស្បែក ការប៉ះពាល់ជាមួយអ្នកជំងឺផ្ទាល់ ការប៉ះមាត់ និង ស្បែក ការប៉ះខ្នើយពូក កន្សែងពោះគោ សម្លៀកបំពាក់ ចាន ស្លាបព្រា ឬ វត្ថុផ្សេងៗជាមួយអ្នកជំងឺ៕

ប្រភព៖ Andolu Agency

Share.