រដ្ឋបាលក្រុងបាត់ដំបង បានជូនដំណឹងដល់ម្ចាស់លំនៅឋាន អាជីវកម្មដ្ឋាន ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងអំពីការរុះរើ សំយាប ផ្ទាំងប៉ាណូពាណិជ្ជកម្មគ្រប់ប្រភេទចេញឱ្យអស់ និងកែសម្រួលតាមគម្រូ និងគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្តបាត់ដំបង។ នេះបើតាមសេចក្ដីជូនដំណឹងចុះហត្ថលេខាដោយ លោក ផេង សិទ្ធី អភិបាលនៃគណៈអភិបាលក្រុងបាត់ដំបង។

បើតាមរដ្ឋបាលក្រុង លំនៅឋាន និងអាជីវកម្មដ្ឋានដែលត្រូវកែសម្រួលសំយាបនោះ គឺស្ថិតនៅតាមបណ្ដោយផ្លូវលេខ១កន្លះ ផ្លូវលេខ២ ផ្លូវលេខ២កន្លះ ផ្លូវលេខ៣ និងគ្រប់ផ្លូវកាត់ទទឹងផ្លូវលេខ១ដល់ផ្លូវលេខ៣ ស្ថិតក្នុងតំបន់អភិរក្ស ចាប់ពីវត្តពិភិទ្វារាម ដល់វត្តដំរីស និងចាប់ពីផ្លូវលេខ១ដល់ផ្លូវលេខ៣។

រដ្ឋបាលក្រុងបានទុកពេលឱ្យពលរដ្ឋចូលរួមអនុវត្តវិធានការនេះ ចាប់ពីថ្ងៃទីជូនដំណឹងរហូតដល់ថ្ងៃទី១ ខែសីហា ជាកំហិត និងថា«ក្នុងករណីម្ចាស់លំនៅឋាន អាជីវកម្មដ្ឋានទាំងអស់ មិនអនុវត្តតាមសេចក្ដីជូនដំណឹងខាងលើនេះ រដ្ឋបាលក្រុងនឹងធ្វើការរុះរើ យកមករក្សាទុកដើម្បីដោះស្រាយតាមផ្លូវច្បាប់ជាធរមាន ហើយរាល់ការខូចខាត និងបាត់បង់ រដ្ឋបាលក្រុងមិនទទួលខុសត្រូវទេ»។

ជុំវិញព័ត៌មាននេះដែរ លោក លាង វាសនា អភិបាលរងក្រុងបាត់ដំបង បានបើកកិច្ចប្រជុំណែនាំដល់ក្រុមការងារចម្រុះនៃរដ្ឋបាលក្រុងបាត់ដំបង មុននឹងចុះផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់អភិរក្សទាំងអស់ ឲ្យចូលរួមរុះរើសំយាប ផ្ទាំងផ្សាយពាណិជ្ជកម្ម ស្លាកសញ្ញាផ្សេងៗ…ចេញឲ្យអស់ពីមុខផ្ទះ និងសាងសង់ឡើងវិញតាមការកំណត់បច្ចេកទេស ស្តង់ដារ ដូចៗគ្នាពីរដ្ឋបាលខេត្តបាត់ដំបង។

តាមរយៈទំព័រហ្វេសប៊ុក លោកអភិបាលរងក្រុង បានឱ្យដឹងថាវិធានការខាងលើនេះ គឺដើម្បីឱ្យមានសោភ័ណភាពល្អ មានសណ្តាប់ធ្នាប់ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនា សំណង់បេតិកភណ្ឌជាង៨០០ខ្នង ដែលបន្សល់ពីសម័យបារាំង និងដើម្បីលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអ្នកបាត់ដំបងកាន់តែប្រសើរ៕

Share.