ឯកឧត្តម សូខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំនាយក នាយករងសាលា លោកគ្រូអ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ បន្តពង្រឹងសមត្ថភាពសិស្សឱ្យកាន់តែពូកែ និងត្រូវមានបច្ចេកទេស ក្នុងការបង្រៀនច្បាស់លាស់ មានវិធីសាស្រ្ដក្នុងការបង្រៀនសិស្សឱ្យឆាប់យល់ ឆាប់ចេះ និងបង្ហាញនូវបទពិសោធន៍ថ្មី ការស្រាវជ្រាវលំហាត់ថ្មីៗដល់សិស្សានុសិស្ស។

ការថ្លែងរបស់ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានធ្វើឡើងនាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារពង្រឹងគុណភាពវិស័យអប់រំក្នុងខេត្ត និងការបង្ហាញបទពិសោធន៍ជាគំរូ ចំពោះការផ្ទេរមុខងារមតេយ្យ សិក្សា និង បឋមសិក្សាទៅរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តបាត់ដំបង នាថ្លែងនាថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២។

បើតាមឯកឧត្តម អភិបាលខេត្ត ការណែនាំនេះ គឺបន្ទាប់ពីឯកឧត្តមសង្កេតឃើញថានៅក្នុងឆ្នាំ២០២២នេះ ខេត្តបាត់ដំបង ពុំមានសិស្សបានប្រឡងជាប់ជាសិស្សពូកែម្នាក់ឡើយ។ ឯកឧត្តម បានចាត់ទុកករណីនេះថាជាបញ្ហាដែកត្រូវធ្វើការពង្រឹងសមត្ថភាពសិស្សជាបន្ទាន់ ដើម្បីឱ្យប្រព័ន្ធអប់រំក្នុងខេត្តបាត់ដំបងប្រកបដោយគុណភាព។

ទន្ទឹមនឹងការណែនាំនេះ ឯកឧត្តមក៏បានលើកទឹកចិត្តទឹកចិត្តលោកគ្រូអ្នកគ្រូ ដែលខិតខំបង្ហាត់បង្រៀនបណ្ដុះនូវសិស្សពូកែជាច្រើនក្នុងខេត្តបាត់ដំបង និងអាចចូលរួមប្រឡងប្រកួតប្រជែងដណ្ដើមយកពានរង្វាន់សិស្សពូកែថ្នាក់ជាតិលើកកិត្តិយសជូនក្រុមគ្រួសារ ក៏ដូចជាលើកកិត្តិយសដល់ខេត្តបាត់ដំបង ឱ្យកាន់តែមានភាពល្បីល្បាញផងដែរ។

សូមបញ្ជាក់ថាក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ឈ្មោះសិស្សពូកែ ៦០នាក់ នៅទូទាំងប្រទេស ក្នុងឆ្នាំ២០២២ នេះ ដែលជាសិស្សថ្នាក់ទី៩ និងថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា នៃសាលាចំណេះទូទៅ បន្ទាប់ពីបានរៀបចំការប្រឡងនៅខេត្តសៀមរាប។

សិស្សពូកែថ្នាក់ទី៩ ផ្នែកអក្សរសិល្ប៍ខ្មែរមាន១០នាក់ ពីលេខ១ ដល់លេខ១០ រីឯផ្នែកគណិតវិទ្យា ក៏មាន ១០នាក់ដែរ ហើយរូបវិទ្យាមាន១០នាក់។ ចំណែក​សិស្សពូកែថ្នាក់ទី១២ ផ្នែកអក្សរសិល្ប៍ខ្មែរមាន១០នាក់ គណិតវិទ្យា១០នាក់ និងរូបវិទ្យាមាន១០នាក់ដូចគ្នា​។

យោងតាមរាតាងលទ្ធផលសិស្សពូកែចេញផ្សាយដោយក្រសួងអប់រំ យុវជន និងកីឡា ប្រកាសនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ក្នុងចំណោមសិស្សពូកែទូទាំងប្រទេសទាំង៦០នាក់នោះ មិនមានឈ្មោះសិស្សពូកែមកពីវិទ្យាល័យ អនុវិទ្យាល័យ ឬគ្រឹះស្ថានអប់រំឯកជន មកពីខេត្តបាត់ដំបងឡើយ៕

Share.