នៅព្រឹកថ្ងៃទី 27 ខែកក្កដា ឆ្នាំ ២០២២នេះ គេមើលឃើញថា ជ័យលោភីកំពូលទាំង 10 រូប នៃកម្មវិធីកញ្ញាឯកដ៏អស្ចារ្យប្រទេសថៃឆ្នាំ 2022 ឬ Miss​ Grand​ Thailand​ 2022 បានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅនាវេលាម៉ោង ៩:៤០នាទីព្រឹក។

នៅក្នុងនោះដែរ គេកត់សម្គាល់ឃើញថា មានហ្វេនអ្នកគាំទ្រជាច្រើននាក់ បានកុះកររង់ចាំស្វាគមន៍ចំពោះដំណើររបស់ស្រីស្អាត Miss​ Grand​ Thailand​ 2022 ទាំង ១០រូប ប្រកបដោយសំឡេងស្រហ៊ោកញ្ច្រៀវ និងជាមួយសកម្មភាពថតរូបភាពអនុស្សាវរីយ៍ផ្សេងៗ ដែលមើលទៅយ៉ាងកក់ក្ដៅក្នុងការមកកាន់ទឹកដីនៃព្រះរាជាអច្ឆរិយ។

នៅពេលមកដល់ខាងក្រៅនារិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក Nawat Itsaragrisil ដែលជានាយកប្រតិបត្តិស្ថានប័ន Miss Grand បានលើកឡើងប្រាប់អ្នកសារព័ត៌មានថា ដំណើរទស្សនកិច្ចរបស់ស្រីស្អាត Miss​ Grand​ Thailand​ 2022 ទាំង ១០រូប មកកាន់ព្រះរាជាណាចក្រកម្ពុជា គឺក្នុងគោលបំណងស្វែងយល់ និងទស្សនានូវតំបន់ទេសចរណ៍ល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា អំពីវប្បធម៌ និងអំពីស្ដានភាពប្រជាជនក្នុងប្រទេសកម្ពុជាផងដែរ។

លោកបន្តថា ក្រៅពីនោះក៏មានកម្មវិធីជំនួបដ៏អស្ចារ្យរវាងជ័យលោភីទាំង១០រូបនៃកម្មវិធីកញ្ញាឯកដ៏អស្ចារ្យប្រទេសថៃឆ្នាំ២០២២ (Miss Grand Thailand 2022 TOP 10 ) ជាមួយកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា (Miss Grand Cambodia ) នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២២ វេលាម៉ោង៦ដល់៩យប់ ទីតាំង Aeon សែនសុខផងដែរ។

Share.