កំពង់ស្ពឺ ៖ ក្មេងស្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ បង្កឡើងដោយរថយន្តហ្វ័តបើកបុករះម៉ូតូចំនួន២គ្រឿងកាលពីវេលាម៉ោង៧និង៥៥នាទី យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រ៣៧-៣៨ ស្ថិតក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ក្មេងស្រីរងគ្រោះ ហើយបានស្លាប់មានឈ្មោះ ម៉ា សូនីតា អាយុ១៣ឆ្នាំ រស់នៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោង ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាកហ្វ័ត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BB-6876 បើកបរដោយឈ្មោះ ហុឹម អៀងសូផាត ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល បានបើកពីជើងទៅត្បូង ល្បឿនលឿន ដល់ចំណុចកើតហេតុ ជ្រុលបុកម៉ូតូច្រាសទិស ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1M-1292 ជិះដោយឈ្មោះ ភិន ចន្នី ភេទប្រុស អាយុ២៩ឆ្នាំរស់នៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក ខេត្តកំពត បណ្តាលឲ្យរងរបួសស្រាល ហើយរថយន្តរេចង្កូតបន្តទៅបុកម៉ូតូ ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CT-5310 ជិះដោយក្មេងស្រីរងគ្រោះ ប៉ុន្តែកំពុងឈប់ស្ងៀមចិញ្ចើមផ្លូវ ពីជើងទៅត្បូង រុញផ្ទប់របងផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យក្មេងស្រីម្នាក់ស្លាប់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ឃាត់ខ្លួនបានអ្នកបើកបររថយន្ត រួចនាំទាំងមធ្យោបាយពាក់ព័ន្ធទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ចំណែកសពក្មេងស្រី ត្រូវបានប្រគល់ ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.