ភ្នំពេញ បុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់លឿនចាប់ហ្រ្វាំងមិនទាន់ជ្រុលទៅបុកម៉ូតូម៉ាក PCX ជិះឆ្លងផ្លូវបណ្ដាលឲ្យអ្នកទាំងពីររងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦និង ៣០នាទីព្រឹកថ្ងៃទី២៧ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកPCXពណ៌សពាក់ស្លាកលេខ ព្រៃវែង1R-7864 ជិះតាមបណ្ដោយផ្លូវ ៦០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូងមកដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងផ្លូវចូលក្នុងបុរី ។ពេលនោះក៏មានបុរសម្នាក់ទៀតបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅពាក់ស្លាក លេខភ្នំពេញ 1lP-9428 ជិះតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនមកដល់ចំណុចកើតហេតុចាប់ហ្វ្រឈងមិនទាន់ក៏ជ្រុលទៅបុកម៉ូតូម៉ាក PCX ចំកណ្ដាលបណ្ដាលឱ្យអ្នកទាំង ២នាក់រងរបួសធ្ងន់។ ភ្លាមៗនោះរថយន្តសង្គ្រោះបន្ទីរពេទ្យឯកជនបានដឹកជនរងគ្រោះទាំងពីរនាក់ទៅសង្គ្រោះនៅមន្ទីពេទ្យ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនិងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យចុះទៅដល់ទីតាំងកន្លែងកើតហេតុនិងបានធ្វើការវាស់វែងយកម៉ូតូទាំង ២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ៖សេង សាវី

Share.