រដ្ឋមន្រ្តីមហាផ្ទៃប្រទេសហ្វីលីពីនលោក Benjamin Abalos បាននិយាយថា មនុស្សយ៉ាងតិច ៤នាក់ស្លាប់ និង ៦០នាក់ផ្សេងទៀតរងរបួស ដោយការរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ បានកើតឡើងនៅភាគខាងជើងប្រទេសហ្វីលីពីន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Aljazeera នៅថ្ងៃទី ២៧​ ខែ កក្កដា ឆ្នាំ ២០២២។

ការរញ្ជួយដីដ៏ខ្លាំងនេះបានចាប់ផ្ដើមនៅម៉ោង ៨:៤៣នាទីព្រឹក (ម៉ោងក្នុងស្រុក) នាថ្ងៃ ពុធ ទី ២៧ ខែ កក្កដា នេះ ដោយបានវាយប្រហារខេត្ត Abra ដែលមានភ្នំ និង មានប្រជាជនតិចបំផុតនៅលើកោះ Luzon ដែលជាកោះដ៏សំខាន់ និង មានប្រជាជនច្រើនជាងគេរបស់ហ្វីលីពីន បណ្ដាលឲ្យមានការរអិលបាក់ដី និង បំផ្លិចបំផ្លាញផ្ទះសម្បែងអស់ជាច្រើនខ្នង។

យោងតាមការឲ្យដឹងរបស់រដ្ឋមន្រ្តីមហាផ្ទៃហ្វីលីពីន លោក Benjamin Abalos បានឲ្យដឹងថា មានមនុស្សចំនួន ១នាក់ បានស្លាប់ដោយសារបន្ទះស៊ីម៉ង់ត៍មួយដ៏ធំបានធ្លាក់លើផ្ទះ នៅខេត្ត Abra , ២នាក់ នៅខេត្ត បេនហ្គូអេត (Benguet) និងម្នាក់នៅខេត្តមួយផ្សេងទៀត។

ភ្លាមៗក្រោយហេតុការណ៍រញ្ជួយដីខាងលើ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos JR បានចេញបញ្ជាឲ្យបើកប្រតិបត្តិការជួយសង្រ្គោះជាបន្ទាន់ ទៅកាន់តំបន់រងការប៉ះពាល់ ជាពិសេសខេត្ត Abra ដែលជាទីជ្រកកោន នៃប្រជាជនហ្វីលីពីនជិត ២៥០,០០០នាក់។

បើតាមអ្នក​នាំពាក្យរបស់ប្រធានាធិបតី Marcos បានឲ្យដឹងថា រូបលោកនឹងចុះទៅពិនិត្យតំបន់រងគ្រោះដោយផ្ទាល់នៅក្នុងថ្ងៃ ពុធ នេះតែម្ដង។

សូមជម្រាបថា ហ្វីលីពីនជាប្រទេសដែលងាយរងគ្រោះរញ្ជួយដីដោយសារតែប្រទេសនេះ ស្ថិតនៅតំបន់ ខ្សែក្រវ៉ាត់ភ្នំភ្លើង ឬ គេហៅតំបន់ «Ring Of Fire» នៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយហ្វីលីពីនបានជួបប្រទះនូវបន្ទុះភ្នំភ្លើង ក៏ដូចជាបានជួបប្រទះនឹងភ្យុះទីហ្វុងជាញឹកញាប់ផងដែរ។

ទាក់ទិននឹងការរញ្ជួយដីនេះ កាលពីឆ្នាំ ២០១៣ ហ្វីលីពីនធ្លាប់ជួបប្រទះនឹងគ្រោះរញ្ជួយដីកម្រិត ៧.១រ៉ិចទ័រ ដោយបានវាយប្រហារកោះ Bohol ភាគកណ្ដាលប្រទេសហ្វីលីពីន និង បណ្ដាលឲ្យមនុស្សជាង ២០០នាក់ បានស្លាប់ រួមទាំងបង្កឲ្យមានការរអិលបាក់ដីជាច្រើនកន្លែងផងដែរ៕

ប្រភព៖ Aljazeera

Share.