រដ្ឋសភាបានបន្តសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២។ មានសមាជិក សមាជិការដ្ឋសភាចំនួន១០៦រូប ក្នុងចំណោមសមាជិកសភាំ១២៥រូប បានចូលរួមប្រជុំសភា។

ក្នុងចំណោមរបៀបវារៈចំនួន៥ដែលរដ្ឋសភា ត្រូវពិភាក្សា និងអនុម័តនោះ របៀបវារៈទី២ គឺការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានគេចាប់អារម្មណ៍ជាងគេ។

ក្រៅពីនេះ គឺរៀបវារៈស្ដីពីការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ ឯកឧត្តម ចាប ម៉ុច ជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល ជំនួស ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន ដែលបានទទួលមរណភាព, ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ, ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងម៉ាកាវ តួកគី ពាក់ព័ន្ធនឹងពន្ធ និងការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យកម្ពុជាចូលជាភាគី នៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្ន វិទ្យុសកម្ម៕

Share.