ថ្ងៃទី០១ខែមិថុនាឆ្នាំ២០២១នេះគឺជាខួបលើកទី៧២ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២០ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២១។ដើម្បីចូលរួម អបអរទិវានេះ សារព័ត៌មានត្រយងញូវស៍សូមលើកយកប្រវត្តិទិវាកុមារអន្តរជាតិ០១មិថុនា មកជម្រាបជូនដូចតទៅ

ប្រារព្ធធ្វើនៅតាមបណ្តាប្រទេសជាច្រើនចាប់តាំងពីឆ្នាំ១៩៥០មក ទិវាកុមារអន្តរជាតិ ថ្ងៃទី១ មិថុនាមានគោលបំណងក្រើនរំលឹកនិងបង្កើនការយកចិត្តទុកដាក់ពិសេសចំពោះកុមារទាំងក្នុងជីវភាពរស់នៅ និងផ្នែកច្បាប់។

មុននឹងមានការរៀបចំប្រារព្ធទិវានជាអន្តរជាតិមួយនេះ មនុស្សជាតិលើកសកលលោកចងចាំឥតភ្លេចនូវឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃយង់ឃ្នងរបស់ពួកហ្វាស៊ីសនៅថ្ងៃទី១០ មិថុនា ឆ្នាំ១៩៤២ ដែលបានសម្លាប់ប្រជាជនភូមិ លីឌីស៊ែ នៃសាធារណរដ្ឋឆែក ចំនួន១៩២នាក់ នៅក្នុងកសិដ្ឋាន       អូរ៉ាក ដែលក្នុងនោះមានកុមារ១០៥នាក់ត្រូវយកទៅសម្លាប់។

ក្រោយមកនៅថ្ងៃទី១០ មិថុនា ឆ្នាំ ១៩៤៤ ពូកហ្វាស៊ីសបានចាប់មនុស្ស១,១០០នាក់ ដែលក្នុងនោះមានកុមារតូចៗចំនួន២០០នាក់ ចាក់សាំងដុតកម្ទេចទាំងរស់ នៅអូរ៉ាឌូប្រទេសបារាំង។

សោកនាដកម្មដែលបង្កឡើងដោយពួកហ្វាស៊ីសហ៊ីត្លែរចំពោះប្រជាជន ពិសេសកុមារនៅក្នុងអំឡុងសង្គ្រាមលោកលើកទី២ បានធ្វើឲ្យមនុស្សជាតិតក់ស្លុត ថ្កោលទោស និងចងចាំជាប់ជានិច្ច។

ក្រោយសង្គ្រាមលោកលើកទី២បានបញ្ចប់ទៅ នៅឆ្នាំ១៩៤៥ សហព័ន្ធនារីប្រជាធិបតេយ្យ ពិភពលោកបានបើកសម័យប្រជុំនៅទីក្រុងមូស្គូហើយបានមូលមតិគ្នាសម្រេចយកថ្ងៃ ១មិថុនា ជារៀងរាល់ឆ្នាំប្រារព្វ «ទិវាកុមារអន្តរជាតិ» ។

បន្ទាប់មកទៀត អនុសញ្ញាស្ដីពីសិទ្ធិកុមារត្រូវបានអនុម័តដោយមហាសន្និបាតអង្កការសហប្រជាជាតិនាថ្ងៃទី ២០ វិច្ឆិកា ១៩៨៩ ហើយចូលជាធរមាន នៅ០២ កញ្ញា ១៩៩០។

រូបភាពពីយូនីសេហ្វ

អត្ថន័យទិវាកុមារអន្តរជាតិ

ទិវាកុមារអន្តរជាតិ០១មិថុនាត្រូវបានរៀបចំប្រារព្ធធ្វើឡើងដើម្បីរំលឹកឲ្យស្ថាប័នពាក់បង្កើនការយកចិត្តទុកដាក់ខ្ពស់លើកុមារ កិច្ចគំាពារការគោរពសិទ្ធិកុមារ គោរពនិងគំាពារនៃអនុសញ្ញាជាតិ និងអន្តរជាតិជាសកលស្ដី អំពីសិទ្ធកុមារ និងទទួលស្គាល់ថា កុមារត្រូវការសិទ្ធិជាងករណីយកិច្ច។ ក្នុងនោះដែរត្រូវតែចូលរួម លុបបំបាត់ការរើសអើងចំពោះកុមារ(ពិការ, ក្រីក្រ…) បញ្ឈប់ និងប្រឆំាងដាច់ខាតលើការរំលោភបំពាន, ការជួញដូរ, កេងប្រវ័ញ្ច, ការប្រើអំពើហិង្សាគ្រប់រូបភាព។

តើកម្ពុជាក្លាយជាសមាជិកនៃអនុសញ្ញាស្ដីពី សិទ្ធិកុមារនៅពេលណា?

ព្រះរាជាណាចក្រកម្ពុជាបានចុះហត្ថលេខាចូលជាភាគីសមាជិកនៃអនុសញ្ញាស្ដីពី សិទ្ធិកុមារ នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ១៩៩២។

គិតចាប់តាំងពីពេលនោះមក កម្ពុជាបានប្រារព្ធទិវានេះជាបន្តបន្ទាប់ជាមួយនឹងបណ្តាប្រទេស នានានៅជុំវិញពិភពលោកដែរ។ដោយឡែកនៅឆ្នាំនេះ ដោយសារតែការឆ្លងរីករាលដាលនៃ ជំងឺកូវីដ១៩ ការប្រារព្ធទិវាកុមារអន្តរជាតិ០១មិថុនាមិនត្រូវបានរៀបចំឡើងនោះឡើយ។

បើទោះជាបែបនេះក្តី ក៏ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែនតាមរយៈសារអបអរទិវអន្តរជាតិមួយនេះ បានរំលឹកឲ្យស្ថាប័នពាក់ព័ន្ធបន្តយកចិត្តទុកដាក់ការពារនិងថែកុមារជាពិសេសនៅក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ៕

Share.