សេចក្ដីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ ត្រូវបានរដ្ឋសភាអនុម័តទាំងស្រុកក្រោមសំឡេងអនុម័ត១០៥សំឡេង។

ក្រោយពីត្រូវបានរដ្ឋសភាអនុម័តទាំងស្រុង ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី ក្នុងនាមតំណាងរាជរដ្ឋាភិបាលឡើងការពារសេចក្ដីព្រាងច្បាប់នេះ បានថ្លែងអំណរគុណជូនអង្គសភាទាំងមូលដែលបានអនុម័យសេចក្ដីព្រាងនេះតាមសំណើររបស់រាជរដ្ឋាភិបាល ដោយឯកឧត្តមអះអាងថា«សំឡេងអនុម័តនេះមានចំនួនលើសពី២ភាគ៣ទៅទៀត»។

បន្ទាប់ពីឆ្លងកាត់ស្ថាប័នរដ្ឋសភា សេចក្ដីព្រាងច្បាប់ធម្មនុញ្ញនេះ នឹងត្រូវបញ្ជូនបន្តទៅស្ថាប័នព្រឹទ្ធសភាពិនិត្យ ពិភាក្សា និងអនុម័ត មុននឹងបន្តបញ្ជូនទៅក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យធម្មនុញ្ញភាពនៃសេចក្ដីព្រាងច្បាប់នេះ។ ក្រុមប្រឹក្សាធម្មនុញ្ញ ធ្លាប់បានពិនិត្យសេចព្រាងច្បាប់នេះម្ដងរួចមកហើយ និងបានទូលថ្វាយព្រះមហាក្សត្រថាការវិសោធនកម្មនអាចធ្វើទៅបាន។ សេចក្ដីព្រាងច្បាប់នេះនឹងត្រូវទូលថ្វាយព្រះមហាក្សត្រចេញព្រះរាជក្រមប្រកាសឱ្យប្រើក្រោយពីក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យធម្មនុញ្ញភាព៕

Share.