ក្រចេះ ៖ ជនសង្ស័យជាប្តីត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្នងការខេត្តក្រចេះស្រាវជ្រាវចាប់ខ្លួនបានភ្លាមៗកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ក្រោយពីកាប់ប្រពន្ធរបស់ខ្លួនមួយពូថៅស្លាប់ផ្កាប់មុខនឹងភ្នក់ភ្លើង កាលពី យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ នៅភូមិថ្មគ្រែកណ្តាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ។

ជនសង្ស័យជាប្តីមានឈ្មោះ មាន ឈាងនី អាយុ៥៦ឆ្នាំ ។ ចំណែកជនរងគ្រោះជាប្រពន្ធដើមមានឈ្មោះ ក្តាន់ យេម អាយុ៦២ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ២នាក់ប្តីប្រពន្ធខាងលើ បានទៅដេកធ្វើស្រែ នៅចំណុចកើតហេតុ ៧ថ្ងៃហើយ។ លុះដល់យប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ប្អូនស្រីបង្កើតរបស់ជនរងគ្រោះ ទូរស័ព្ទទៅតែគ្មានអ្នកលើក មិនអស់ចិត្តទៅតាមមើល ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់ផ្កាប់មុខនឹងភ្នក់ភ្លើង ទើបរាយការណ៍ទៅសមត្ថកិច្ច ចុះពិនិត្យស្រាវជ្រាវ សពមានស្នាមរយះកញ្ចឹងកពីក្រោយ រហូតដល់ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចកំណត់បានមុខសញ្ញាឈានដល់ឃាត់ខ្លួនជនសង្ស័យជាប្តី ។

តាមចម្លើយសារភាពជនសង្ស័យបានឲ្យដឹងថា ដើមហេតុដែលបណ្តាលឲ្យកាប់សម្លាប់ប្រពន្ធ ព្រោះតែខឹងប្រពន្ធដើមហាមដឹកស្រូវយកទៅឲ្យផ្ទះប្រពន្ធចុង ទាញបានពូថៅកាប់ចំកញ្ចឹងកពីក្រោយ បណ្តាលឲ្យដួលផ្កាប់មុខស្លាប់នឹងភ្នក់ភ្លើងចំណុចខ្ទមស្រែ ។

ជនសង្ស័យត្រូវបាននាំខ្លួនទៅការិយាល័យជំនាញស្នងការខេត្តដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.